(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងព្រះរាជ្យពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គល គម្រប់៨៨  យាងចូល៨៩ ព្រះវស្សា នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

ការប្រារព្ធធ្វើពិធីនេះឡើង គឺក្នុងបំណងបំផុសស្មារតីចលនាមហាជន ឲ្យចេះស្រឡាញ់គោរពសាសនា និងមានការចងចាំជានិច្ច នូវព្រះរាជហឫទ័យដ៏ឧដុង្គឧត្តមរបស់សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានបូជាព្រះកាយពល បំពេញព្រះរាជបេសកកម្មជាតិ ជាប្រវតិ្តសាស្រ្ត អមព្រះមហាវីរក្សត្រ ក្នុងព្រះរាជបូជនីយកិច្ច ប្រកបដោយ ជោគជ័យដ៏ត្រចះត្រចង់ ដើម្បីប្រជាជាតិ និងជានុរាស្រ្ត ព្រមទាំងបួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក សូមជួយថែរក្សា និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ឲ្យមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅ ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំទាំងមូល ក៏ដូចជាទូទាំងប្រទេសឲ្យបានសេចក្តីសុខគ្រប់ៗគ្នាផងដែរ។

លោកស្រី លំ គន្ធារី និងក្រុមការងារយុវជនកាកបាទក្រហមនិង (ស.ស.យ.ក) បានប្រគេនទេយ្យទានព្រះសង្ឃទៅកាន់វត្តឥន្រ្ទយ៍វរៈ ហៅ (វត្តកំពង់ធំ) បាននាំយកថវិកាសម្រាប់សាងសង់ ១លានរៀល អង្គរ១០០ គីឡូក្រាម មី៦ កេះ ត្រីខ៦ យួរ ទឹកត្រី៦ យួរ ទឹកស៊ីវ៦ យួរ ទឹកបរិសុទ្ធ៦ កេះ និងបន្តដំណើរទៅកាន់វត្តគណៈធម្មយុត្តិកនិកាយ សិ្ថតក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ៕