(ព្រះវិហារ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បាននិមន្តព្រះសង្ឃសូត្រមន្ត្រចម្រើនព្រះបរិត្ត ថ្វាយព្រះរាជកុសល ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តមនមុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៨ យាងចូល៨៩ព្រះវស្សា។

ពិធីនេះបានធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខា ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរលោក គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានថ្លែងថា៖នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រកបដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ជាកូនចៅ ចៅទួត ចៅលួត សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ។

ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុតចំពោះ សម្តេចព្រះមហាក្សតី ដែលកន្លងមកទ្រង់បានលះបង់ ព្រះកាយពល និងព្រះរាជបញ្ញាញាណប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបំពេញព្រះរាជតួនាទី ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ និងសាសនា ដើម្បីភាពសុខសាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មី ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ព្រះរាជសុខភាពបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ របស់ប្រជារាស្ត្រខ្មែរជាកូនចៅ ចៅទួត ចៅលួត របស់ព្រះអង្គ៕

នៅក្នុងពិធីនេះដែរ ក៏បានប្រគេនព្រះសង្ឃចំនួន៧អង្គ ក្នុង១អង្គមាន៖ចង្ហាន់១ស្រាក់ ទឹកបរិសុទ្ធអារ៉ូណា ១កេស ទឹកអូអ៉ិឈិ ១កេស សាដក់ ១ឈុត ចំពោះបច្ច័យប្រគេនព្រះគ្រូចៅអធិការ ២អង្គ ក្នុង១អង្គ២០មុឺនរៀល ចំណែកព្រះសង្ឃ ចំនួន៥អង្គទៀត ក្នុង១អង្គបច្ច័យចំនួន១០មុឺនរៀល។ជូន តាជី យាយជី ចំនួន២៣នាក់ ក្នុង១នាក់ ក្រណាត់ស ១ដុំ ថវិកាចំនួន១មុឺនរៀល តាចារ្យ ២នាក់ ម្នាក់ៗ១០មុឺនរៀល និងម្នាក់ទៀត ៥មុឺនរៀល យុវជនកាកបាទក្រហម និងទីប្រឹក្សា ១៨នាក់ ក្នុងម្នាក់ក់ ថវិកាចំនួន១មុឺនរៀល៕