(ភ្នំពេញ)៖ តំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ, លោក វាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ បានបំផុស និងចលនាឲ្យប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណះ ចូលរួមសម្អាតអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

សកម្មភាពរបស់អាជ្ញាធរ ដែលដើរតាមដងផ្លូវរើស និងប្រមូលរាល់កាកសំណល់សំរាម ក្នុងការយកចិត្តទុកដាក់សម្អាតអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពឲ្យល្អប្រសើរឡើងបន្ថែមទៀតនេះ បានធ្វើឡើងក្នុងឱកាសអបអរសាទរទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ការកែប្រែគុណភាពដី-រហោស្ថានកម្ម-និងភាពធន់-នឹងគ្រោះរាំងស្ងួត» និងយុទ្ធនាការ «កម្ពុជាស្អាត-ខ្មែរធ្វើបាន» ស្ថិតនៅតាមបណ្ដាផ្លូវតូច-ធំមួយចំនួន ក្នុងភូមិសាស្ត្រសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

បើតាមលោក វ៉ាន់ ផន ចំពោះការបំផុស និងចលនាឲ្យមានការចូលរួមសម្អាតអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតនេះដែរ គឺផ្ដោតទៅលើប្រធានបទសំខាន់ចំនួន៣ រួមមាន៖

*បំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្សនិស្សិត ឱ្យចូលរួមទាំងអស់គ្នាដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ ។ល។
*ជំរុញការកាត់បន្ថយការប្រើថង់ប្លាស្ទិក ដោយប្រើថង់បរិស្ថានជំនួសវិញ
*ចូលរួមអនុវត្តវិធីសាស្ត្រទាំង៤ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក ហើយពិធីបានបញ្ចប់ក្រុមពាក្យស្លោកសម្រាប់ប្រើប្រាស់ រួមមាន៖
*កម្ពុជាស្អាតខ្មែរធ្វើបាន
*ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ
*យើងរួមកម្លាំងគ្នាដើម្បីការពារបរិស្ថានកម្ពុជា
*លាហើយថង់ប្លាស្ទិក៕