(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន។

ដំណើររបស់លោករដ្ឋមន្ដ្រី ធ្វើឡើងដើម្បីពន្យល់ប្រជាកសិករ និងសហគមន៍ អំពីកម្មវិធីគោលនយោបាយអាទិភាព ស្តីពី «សហគមន៍កសិកម្មទំនើប» និងអត្ថប្រយោជន៍នានា ដែលប្រជាកសិករទទួលបានពីការចងក្រងសហគមន៍កសិកម្មទំនើប។

ក្នុងពិធីជួបសំណេះសំណាលនោះ លោក ឌិត ទីណា បានបញ្ជាក់ថា «ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើបនឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរមា»

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលទទួលបន្ទុកការងារ «សហគមន៍កសិកម្មទំនើប» រួមគ្នាពិនិត្យមើលលទ្ធភាព ជាមួយប្រជាកសិករ និងសមាជិកសហគមន៍កសិកម្ម ដែលចាប់អារម្មណ៍ ដើម្បីសិក្សាបន្តអំពីលទ្ធភាពនៃការចងក្រងសហគមន៍កសិកម្មទំនើប ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងសក្ដានុពលនៃផលិតកម្មរបស់ប្រជាកសិករ នៅស្រុកត្រាំកក់ ខេត្តតាកែវនេះផងដែរ៕