(សៀមរាប)៖ ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៤ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តសៀមរាបបានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនគ្រួសារងាយរងគ្រោះ ចំនួន១៥០គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

លោក ប្រាក់ សោភ័ណ ក៏បានពាំនាំពាក្យផ្ដាំផ្ញើរសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក បានបន្តបថាទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ទោះតិចឬច្រើនតែក៏ជាទឹកចិត្តសប្បុរសធម៌ ដេីម្បីជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត។

ជាមួយគ្នានេះ គ្រួសារងាយរងគ្រោះ ចំនួន១៥០គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមសាខាខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ អំបិល ១គីឡូក្រាម ទឹកស៊ីអ៉ីវ ១យួរ កន្ទេល ១ មុង ១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ១០ម៉ឺនរៀល៕