(សៀមរាប)៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុងរុនតាឯកបានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា និង គណៈអភិបាលក្រុងរុនតាឯកតេជោសែនជាផ្លូវការក្រោមអធិបតីភាពលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ក្នុងពិធីប្រកាសនេះគឺ លោក អ៊ូ ពុទ្ធសាវន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សា និង លោក អ៉ឹង សុភ័ណ ត្រូវបានប្រកាស ចូលកាន់មុខតំណែងជាអភិបាលក្រុងរុនតាឯក តេជោសែន រួមសមាជិកសមាជិកាក្រុមប្រឹក្សាក្រុងទាំង១៣រូប និង អភិបាលរងក្រុង ៦រូប ព្រមទាំងនាយករដ្ឋបាលសាលាក្រុង១រូបផងដែរ។

បន្ទាប់ពីលោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស អានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងរុនតាឯក តេជោសែន ក្នុងអាណត្តិទី៤ និងអភិបាលនៃគណៈអភិបាលក្រុង និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំង និង ផ្លាស់ប្តូរភារកិច្ចរបស់មន្ត្រីរាជការស៊ីវិលរួចមក គណៈអធិបតីបានប្រគល់អនុក្រឹត្យ ព្រមទាំងប្រគល់ប្រកាស និងត្រា ដល់លោកអភិបាលក្រុង និងធ្វើការប្តេជ្ញាចិត្តរបស់ប្រធានក្រុមប្រឹក្សាអាណត្តិទី៤ និង ការប្តេជ្ញាចិត្តរបស់លោកអភិបាលក្រុង ដែលទើបតែងតាំងថ្មីរួចមក លោក ប្រាក់ សោភ័ណ បានអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ បានបោះឆ្នោតផ្តល់ សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំនិងបន្តការអភិវឌ្ឍន៍ក្នុងក្រុងឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្ទេរមុខងារវិញ ក៏មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះមុខងារ វិស័យសង្គមកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថែទាំការរបស់រដ្ឋ និងមុខងារក្នុងវិស័យសុខាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពសាធារណៈក៏ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស។

លោក បានគូសបញ្ជាក់ថា តាមរយៈការធ្វើសមាហរណកម្មការិយាល័យជំនាញនានានៅក្នុងរចនា សម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនាឆ្នាំ២០១៩កន្លងមក ក៏បានផ្ទេរភ្ជាប់ទៅជាមួយនូវមុខងារ ចំនួន៥៥ក្នុងវិស័យចំនួន២០ទៅឲ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេសផងដែរ ។ ក្រៅពីនេះ មុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង៨០០ប្រភេទក៏ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវា រដ្ឋបាលទាំងនេះជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗផងដែរ ។ ទន្ទឹមនេះ មុនងារក្នុងវិស័យអប់រំ យុវជន និងកីឡា ចាប់ពីបឋមសិក្សាចុះក្រោមទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ត្រូវបានផ្ទេរអោយរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ។

លោកបានផ្តល់នូវការណែនាំអនុវត្ត និង អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យក្រុមប្រឹក្សាក្រុងរុនតាឯកគេជោសែន ប្រើប្រាស់ជា មូលដ្ឋានក្នុងការអនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួន ពីរបបការងារ ប្រតិទិនក្នុងកិច្ចប្រជុំរបស់ខ្លួន និង កាធ្វើវេទិកាសាធារណៈ និង ផ្សព្វផ្សាយច្បាប់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន និង ចេះរួមសាមគ្គីគ្នា ទោះបីយើងមកពីគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន តែនេះជាផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ លោក ក៏បានលើកផងដែរ ពីកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកគេដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺ ផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាល សាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាតិ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិ រដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។

ហើយកត្តាសំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ឲ្យស្របតាមនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការលប់បំបានក្រុមក្មេងទំនើង បងតូចបងធំ នៅក្នុងមូលដ្ឋាន និង បង្ក្រាបឲ្យខាងតែបាននូវករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋ ពីច្បាប់ចរាចរណ៍ផ្លូវគោក និង ជម្រុញដល់កងកម្លាំងសមត្ថកិច្ច សង្កាត់ ធ្វើការផ្សព្វផ្សាយឲ្យបានជាប្រចាំ នូវគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ក្នុងការធានាឲ្យមានសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ៕