(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការជំរុញឲ្យ ឯអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជា ផ្សព្វផ្សាយពីខេត្តសៀមរាប ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកកាន់តែច្រើន និងភ្ញៀវទេសចរ មកកម្សាន្ដឲ្យកាន់តែច្រើនផងដែរ។
ការជំរុញរបស់ លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម ជាមួយលោក មីឆែល តាន់ ខេន ស្យុង (Michale Tan Ken Siong) ឯអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ក្នុងនោះដែរ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត ក៏បានបញ្ជាក់អំពីស្ថានភាពភូមិសាស្រ្ត សន្តិសុខសណ្ដាប់ធ្នាប់ សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខេត្តសៀមរាបទាំងមូល និងលើកពីសក្ដានុពលរបស់ខេត្ត ដែលពឹងផ្អែកទៅលើវិស័យកសិកម្ម និងទេសចរណ៍។
ជាមួយគ្នានេះដែរ អភិបាលខេត្តសៀមរាប បន្ថែមថា ខេត្តសៀមរាបនូវមានកង្វះខាត់ កន្លែងសម្រាប់កម្សាន្តរបស់ភ្ញៀវទេសចរពេលរាត្រី និងផ្សារទំនើប ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ ដើម្បីបង្កើនរយៈពេល នៃការស្នាក់នៅ ឲ្យមានរយៈពេលច្រើនថ្ងៃបន្ថែមទៀត៕