(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួមជាមួយកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី នៅយប់ថ្ងៃទី១៦ ខែកញ្ញា នេះ បានចុះបង្ក្រាបទីតាំងហ្គេម បាញ់ត្រី មួយកន្លែង ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ឃាត់ខ្លួនជនប្រព្រឹត្តចំនួន៤នាក់ ដកហូតទូរហ្គេម២គ្រឿង និងវត្ថុតាងមួយចំនួន។

ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោមការឯកភាព និងសម្របសម្រួលពី លោក ចែ សុង ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ។ លោក ម៉ក់ ហុង អធិការខណ្ឌ បានឱ្យដឹងថា ជនទាំង៤នាក់នោះ មានឈ្មោះ ១.លឹម សុធី អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកហ្គេមបាញ់ត្រី, ២.ហ៊ុល សៅ អាយុ៣១ឆ្នាំ មុខរបរលក់ដូរ, ៣.សាយ ចន្ថា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហ្គេមបាញ់ត្រី, ៤.យ័ន តេង អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហ្គេមបាញ់ត្រី។

លោកបានបន្តថា ក្រោយពីធ្វើការឃាត់ជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតទូរហ្គេមបាញ់ត្រី ចំនួន២គ្រឿង, ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្ត៕