លោកបណ្ឌិត ម៉ឹង មករា ចុះសំណេះសំណាល និងពិនិត្យព្យាបាលជំងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ចំនួនជាង៨០០នាក់
18-06-2024 10:54
(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ នាថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងពិធីសំណេះសំណាល លោកបណ្ឌិត ម៉ឹង មករា បានបញ្ជាក់ថា ការពិនិត្យសុខភាព និងព្យាបាលជំងឺ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកមេមត់ទាំងអស់ ហើយនេះ ជាកម្មវិធីដែលមានសារៈសំខាន់បំផុត ក្នុងការទ្រទ្រង់សុខមាលភាពរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ៗរូប ឲ្យយល់ដឹងអំពីការថែទាំសុខភាព ដែលនាំមកនូវសុខភាពល្អ ដើម្បីធានាឲ្យបាននូវ ការបង្កើនផលិតភាពការងារ កាត់បន្ថយការចំណាយ លើការថែទាំសុខភាព បង្កើនសុខុមាលភាពផ្លូវចិត្ត និងលើកកម្ពស់ការចូលរួមក្នុងការងារសង្គមសេដ្ឋកិច្ច។
លោកបណ្ឌិត បានបន្តថ្លែងថា «ការកសាងមូលធនមនុស្ស» ទាមទារឲ្យមនុស្សទាំងអស់មានសុខភាពល្អជាចំបង។ ដូចនេះការថែទាំសុខភាព ជាមូលដ្ឋានគ្រឹះសំខាន់បំផុត ក្នុងការសម្រេចបាននូវគោលបំណងទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសការ ដើម្បីចូលរួមជម្រុញការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព និងចីរភាព។
លោកបណ្ឌិត បានបន្តថា បេសកកម្មចម្បងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមេមត់ គឺការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាផ្សព្វផ្សាយ និងអនុវត្តនូវគោលនយោបាយសំខាន់ៗ នៃកម្មវិធីនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលជាកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ការកសាង និងការពារជាតិមាតុភូមិកម្ពុជា។
ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីធានាឲ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនប្រជាជាតិ និងមាតុភូមិកម្ពុជា៕