(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងភរិយា នៅល្ថាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួម កម្មវិធីពិសារអាហារសាមគ្គី ដើម្បីការងារមនុស្សធម៌ជួយដល់ មន្ទីរពេទ្យកុមារអង្គរ ក្រោមប្រធានបទ «រាត្រីអបអរសាទចំពោះទេពកោសល្យចុងភៅកម្ពុជាដើម្បីមនុស្សធម៌» សណ្ឋាគារបុរីអង្គរ។
ក្នុងពិធីនោះ លោក ឃឹម ប៊ុនសុង បានថ្លែងថា ទន្ទឹមនឹងភាពរីកលូតលាស់ទាំងនេះ ខេត្តសៀមរាប ក៏ជាខេត្តក្រីក្រមួយផងដែរ ហើយអ្នករស់នៅជនបទ មានគំលាតខ្លាំងពីអ្នកនៅទីក្រុង ដែលកត្តាទាំងនេះ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ នៅជនបទមានការខ្វះខាតជាអន្លឺៗ រួមទាំងបញ្ហាអនាម័យ និងសុខភាពផង ទោះបីជាខេត្តមានមន្ទីរពេទ្យបង្អែក ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព រាយប៉ាយទូទាំងខេត្តក្តី ក៏វិសាលភាព និងបរិមាណមិនគ្រប់គ្រាន់ ក្នុងការបម្រើសេវាសុខភាព ឲ្យបានល្អប្រសើរនៅឡើយ ដែលទាមទារឲ្យមានការបំពេញបន្ថែម ពីផ្នែកឯកជន និងដៃគូនានា ដើម្បីជម្រុញឲ្យសេវាសុខាភិបាល កាន់តែល្អថែមទៀត។
អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា «ឆ្លើយតបតាមតម្រូវការទាំងនោះ យើងសង្កេតឃើញថា មានមន្ទីរពេទ្យធំៗមួយចំនួន បានបើកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយមិនគិតកម្រៃសោះឡើយ ក្នុងនោះមានមន្ទីរពេទ្យកុមារអង្គរមួយដែរ ដែលបាននឹងកំពុងបម្រើសេវាសុខភាពជូនដល់កុមារកម្ពុជា មិនត្រឹមតែខេត្តសៀមរាបប៉ុណ្ណោះទេ តែថែមទាំងអាចទទួលកុមារមកពីខេត្តជុំវិញថែមទៀតផង ដោយឥតគិតថ្លៃ នេះគឺជាការរួមចំណែកយ៉ាងធំធេង ដល់ការងារមនុស្សធម៌ ការជួយសង្រ្គោះកុមារ ដែលជាទំពាំងស្នងឫស្សី ឲ្យមានសុខភាពល្អ មានបញ្ញាញាណ និងសតិរឹងមំា សម្រាប់សង្គមជាតិ នាពេលអនាគត»។
លោកបន្ដថា ជាមួយនឹងសកម្មភាពដ៏ប្រពៃនៃមន្ទីរពេទ្យកុមារអង្គរ ពិតជាបានរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត សូមថ្លែងនូវអំណរគុណដល់ស្ថាបនិក អ្នកគ្រប់គ្រង បុគ្គលិកនៃមន្ទីរពេទ្យកុមារអង្គរ ដែលបានបំពេញការងារមនុស្សធម៌ដ៏ថ្លៃថ្លាកន្លងមក ជាពិសេសសមាគមចុងភៅកម្ពុជា ដែលអ្នករៀបចំកម្មវិធី «រាត្រីអបអរសាទចំពោះទេពកោសល្យចុងភៅកម្ពុជាដើម្បីមនុស្សធម៌» នេះឡើងដើម្បីរៃអង្គាសថវិកា សម្រាប់រួមចំណែកគាំទ្រ ដល់មន្ទីរពេទ្យកុមារអង្គរនាពេលនេះ ហើយលោកក៏បាន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់ពិធីនេះផងដែរ៕