(ភ្នំពេញ)៖ លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពីអាជីពមន្រ្តីរាជការ​ស៊ី​វិល នៅទីស្ដីការក្រសួង។ ក្នុងនោះដែរ ក៏មានការចូលរួមពី​ លោក លោកស្រី ដែលជាមន្រ្តីជំនាញ មន្រ្តីថ្មី ទើបប្រលង​ជាប់ក្របខណ្ឌឆ្នាំ២០១៦ ​មន្រ្តីដែលបានជ្រើសរើស ចូលក្របខណ្ឌនាឆ្នាំមុនៗ សរុប​ប្រមាណ៣៧នាក់ ដែលមកពីទូទាំង២៥ រាជធានី-ខេត្ត។

លោក ហាច ហ៊ាន ប្រធាននាយកដ្ឋានរដ្ឋបាល និង​បុគ្គលិក បានលើកឡើងថា សិក្ខាសាលាដែលប្រព្រឹត្តធ្វើឡើងនាពេលនេះ ក្នុងគោលបំណង លើកកម្ពស់ស្មារតីក្នុងការ​បំពេញការងារ ការគោរព​វិន័យ និងប្រសិទ្ធភាពរបស់មន្រ្តីម្នាក់ៗ​ ក្នុងការបំពេញការងារ​ តាមអង្គភាពនីមួយៗ​ក្រោម​ចំណុះក្រសួង ហើយសិក្ខាកាមដែលបានចូលរួមនឹងបានពិភាក្សា និងទទួលបានការឧទ្ទេសនាមពីវាគ្មិន​ លើប្រធានបទសំខាន់ៗទាក់ទងទៅនឹង សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល រចនាសម្ព័ន្ធក្រសួង អត្ថប្រយោជន៍​របស់​មន្រ្តីរាជការ (កាំប្រាក់របស់មន្រ្តី ការតម្លើងថ្នាក់ ការតែងតាំង ប្រាក់បៀវត្ស ការចូលនិវត្តន៍ ធានារ៉ាប់រង​សុខភាព លក្ខខ័ណ្ឌនៃការផ្ទេរកន្លែងធ្វើការ ប្រាក់ឧបត្ថម្ភសុខភាពពេលមានជម្ងឺ ការឈប់ប្រចាំឆ្នាំ ។ល។)។

ជាមួយគ្នានោះដែរ លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការដ្ឋាបាល បានសម្តែងនូវការកោតសរសើរ​ ចំពោះក្រុមការងារដែលបានរៀបចំសិក្ខាសាលានេះ ជូនដល់មន្រ្តីរាជការចាស់ ក៏ដូចជាមន្រ្តីដែលទើបប្រលង​ជាប់ឆ្នាំ២០១៦ ដើម្បីផ្តល់នូវចំណេះដឹងបន្ថែមទៀត ក្នុងការចូលរួមក្នុងសង្គមការងាររដ្ឋ ដោយមានឥរិយាបថល្អ អត្តចរិកថ្លៃថ្នូរ មានវិន័យ ចេះគោរពថ្នាក់ដឹកនាំ ចេះសាមគ្គីភាពផ្ទៃក្នុង ចេះធ្វើការងារជាក្រុម បំពេញការងារតាម​តួនាទីនិងភារកិច្ច ចៀសវាងការគាបសង្កត់អ្នកមកទទួលសេវា ផ្តល់សេវាសាធារណៈជូនដល់​ប្រជាពលរដ្ឋ​ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស គឺត្រូវមានភក្តីភាពចំពោះអង្គភាព និងប្រទេស​ជាតិ​។

លោកអគ្គនាយក បានដឹងទៀតថា ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព ស្ថេរភាព​នយោ​បាយ ក្នុងនោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏មានការរីកចម្រើន​គួរអោយកត់​សម្គាល់​ផង​ដែរ។

បន្ថែមពីនេះ លោក សួង ម៉េងឡុង ក៏បានសង្ឃឹមយ៉ាងមុតមាំថា ឆ្លងតាមរយៈសិក្ខាសាលាដែលមានរយៈពេលពេញ១ថ្ងៃ​នេះ សិក្ខាកាមទាំងអស់នឹង ទទួលបាននូវចំណេះដឹងថ្មីៗ ពីសំណាក់វាគ្មិនដែលជារៀមច្បង មានបទពិសោធន៍​ច្រើនឆ្នាំ ព្រមទាំងកែប្រែពីប្រជាពលរដ្ឋម្នាក់ ឬជាបុគ្គលិកឯកជន ទៅជាមន្រ្តីរាជការមួយរូប បម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ ហើយត្រូវរក្សាឲ្យបានូវ អព្យាក្រឹត្យភាពក្នុងការងារ និងប្រែក្លាយ​ទៅជាអ្នកបម្រើរាស្រ្តប្រកបដោយឆន្ទៈ និងបំពេញការងារយ៉ាងស្វិតស្វាញ៕