(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងសាជីវកម្មសហគមន៍ជនបទកូរ៉េ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោង «បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា»។
ការចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ និងតំណាងស្ថានទូតកូរ៉េលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំកម្ពុជា និងសហការីជាច្រើនរូបទៀត នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
មុននឹងចុះហត្ថលេខា លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានលើកឡើងប្រាប់ដល់ភាគីកូរ៉េថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន៥ទៀត៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
លោកបានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការមួយដ៏សំខាន់ និងបានកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរនោះ ក្រសួងបានកំណត់យកចក្ខុវិស័យ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨) គឺការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ធានាបានប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ ទី១-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ទី២-ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព, ទី៣-ការអភិវឌ្ឍន៍ជនបទឌីជីថល និងចលនាភូមិគំរូ, ទី៤-ការធ្វើពិពិធកម្មជនបទ និងនវានុវត្តន៍ការងារ និងទី៥-ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ក៏ដូចជាសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការគាំទ្រផ្នែកបច្ចេកទេស និងបានផ្តល់ជាហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនកន្លងមក។
លោករដ្ឋមន្ត្រីបានស្នើដល់សាជីវកម្មសហគមន៍កូរ៉េ (KRC) បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងសូមឲ្យ KRC គាំទ្រសំណើគម្រោងថ្មីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានឈ្មោះថា Improvement of Household’s Income Through Comprehensive Community Development គ្រោងនឹងអនុវត្តរយៈពេល៥ឆ្នាំ (២០២៦-២០៣០)។ គម្រោងនេះមានគោលបំណងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងបន្តនិរន្តភាពនៃគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មនៅកម្ពុជា ព្រមទាំងផ្តោតសំខាន់លើការអភិវឌ្ឍន៍ភូមិនៅជនបទឲ្យក្លាយជាភូមិគំរូ សំដៅបង្កើនសេដ្ឋកិច្ចគ្រួសារតាមរយៈការបង្កើតឱកាសការងារនៅនឹងកន្លែង ដែលចូលរួមកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុក។
ជាការឆ្លើយតប លោកលេខាស្ថានទូតកូរ៉េប្រចាំកម្ពុជា និងលោកនាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ បានបញ្ជាក់ពីការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តការឲ្យកាន់តែល្អថែមទៀត ក៏ដូចជាសូមទទួលយកសំណើរបស់លោករដ្ឋមន្ត្រីផងដែរ។
បន្ទាប់មក តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងសាជីវកម្មសហគមន៍ជនបទកូរ៉េ ក៏បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោង «បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា»៕