(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យ អន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិ អាល្លឺម៉ង់ម្នាក់ ដែលបានចូលមកកម្ពុជា ដោយគ្មានលិខិតឆ្លងដែន ហើយបានដើរដេក អនាធិបតេយ្យតាមដងផ្លូវ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
មន្ដ្រីនគរបាលអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសដែលឃាត់ខ្លួននេះ ឈ្មោះ RALPH ANDERLIK សញ្ជាតិអាល្លឺម៉ង់ អាយុ៥០ឆ្នាំ គ្មានលិខិតឆ្លងដែនជាប់ខ្លួននោះទេ។ មន្ដ្រីនគរបាលដដែល បញ្ជាក់ថា ឆ្លងតាមការសាកសួរជនបរទេសរូបនេះ បានឆ្លើយថាបានចូលមកកម្ពុជា ចុងក្រោយតាមច្រកអន្តរជាតិចាំយាម ខេត្តកោះកុង កាលពីកំឡុងថ្ងៃទី១៥ សីហា ២០១៦ ហើយបានចូលមកខេត្តព្រះសីហនុ ប្រកបមុខរបរជាចុងភៅមួយរយៈ ហើយក៏ឈប់បច្ចុប្បន្នគ្មានទីលំនៅច្បាស់លាស់ ដើរដេកតាមផ្លូវ និងមាត់សមុទ្រ។
ក្រោយពេលឃាត់ខ្លួន ជនបរទេសនេះ ត្រូវបានបញ្ចូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕