(ភ្នំពេញ)៖ លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦ នៅសាលាភូមិន្ទរដ្ឋបាល និងដោយមានការចូលរួមលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមទាំងមានសិក្ខាកាមជាមន្ត្រីរាជការ មកពីក្រសួង-ស្ថាប័នថ្នាក់ជាតិចំនួន៣១ និងរដ្ឋបាលរាជធានី-ខេត្តចំនួន ១៦៩នាក់។

បើតាមរបាយការណ៍របស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា សាលាភូមិន្ទរដ្ឋបាល បានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៥ជំនាន់រួចមកហើយ ដែលមានសិក្ខាកាម បានបញ្ចប់ដោយជោគជ័យចំនួ ន៨៦៨នាក់ (ស្រី ១៤១នាក់)។ ដោយឡែកវគ្គជំនាន់ជំនាន់ទី៦ ដែលកំពុងបញ្ចប់នាពេលនេះ មានសិក្ខាកាមដែលទទួលជោគជ័យចំនួន ១៦៧នាក់ (ស្រីចំនួន ៣១នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៧សប្ដាហ៍ ដោយ ៦សប្ដាហ៍ជាការសិក្សាតាមប្រព័ន្ធអនឡាញ និង ១សប្ដាហ៍សិក្សាដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល អមជាមួយទស្សនកិច្ចសិក្សាផ្ទាល់នៅតាមក្រសួងចំនួន២។

ថ្លែងនាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងចំណេះធ្វើ ដើម្បីទទួលបានពុទ្ធិថ្មីៗ និងបទពិសោធន៍ល្អៗ​ ដើម្បីដឹកនាំអង្គភាព និងក្រសួងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគាប់ប្រសើរជាងមុន។

បន្ថែមលើការអបអរសាទរដល់សិក្ខាកាមទាំងអស់និងការថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី សហភាពអឺរ៉ុប និងធនាគារពិភពលោក ដែលបានឧបត្ថម្ភគាំទ្រ និងសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ចាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺកត្តា «មនុស្ស» ហើយក៏ស្របនឹងអាទិភាពដែលមានចែងក្នុងមុំទី១ និងមុំទី២ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា ស្នូលនោះសំដៅដល់ការពង្រឹងនិងការកែទម្រង់ស្ថាប័ន តាមរយៈការពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងការរៀបចំបណ្តាញអ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម តួនាទី និងការទទួលខុសត្រូវ។

ជាមួយគ្នានោះផងដែរលោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តន៍នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន៣ ដែលមានដូចជា៖ ទី១៖ ការកែលម្អរប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៍ បរិយាប័ន និងប្រសិទ្ធភាព។ ទី២៖ ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារប្រកបដោយវិន័យ សីលធម៍ វិជ្ជាជីវៈ ប្រសិទ្ធភាព និងសក្តិសិទ្ធភាព។ ទី៣៖ ការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណភាព សមធម៍ ប្រសិទ្ធភាព និងចេរភាពផងដែរ៕