(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា កងទ័ពទាំងអស់ ត្រូវប្តេជ្ញាអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យ៉ាងមឺុងម៉ាត់ជាទីបំផុត និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ គឺកងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ង ធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ។
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ជួបសំណេះសំណាល សួរសុខទុក្ខជាមួយ នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព នៅមជ្ឍមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក (ពេជ្រនិល) ដែលមានការចូលរួមពី លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមានមន្ដ្រីរាជការ ជាច្រើនរូបទៀតផងដែរ។
នៅក្នងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានលើកឡើងពី សេចក្តីប្រកាសជាផ្លូវការ របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅថ្មីនេះ ដោយបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា «កម្លាំងទាំងអស់ នៃកងទ័ពជើងគោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ចាត់ចោលរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញនូវស្ថេរភាព និងសន្តិសុខរបស់ប្រទេសជាតិ ហើយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់កងជើងគោក នៃកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមខ្លួន ដើម្បីអនុវត្តន៍បទបញ្ជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងម៉ឺងម៉ាត់ ដោយកម្ចាត់ចោលរាល់សកម្មភាព ទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញនូវស្ថេរភាព និងសន្តិសុខ របស់ប្រទេសជាតិ»។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ថ្នាក់ដឹកនាំបក្សប្រឆាំង បានចេញមកប្រកាសថា ពួកគេនឹងដឹកនាំមហាបាតុកម្ម ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ប៉ុន្តែភ្លាមៗក្រោយប្រកាសបែបនេះ នាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពលរបស់កម្ពុជា បានប្រកាសកម្ចាត់ចោលមិនឲ្យកើតមាននោះឡើយ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ គឺដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនពលរដ្ឋទូទាំងប្រទេស។