(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាលើសពីការរំពឹងទុក ដោយមានសាធារណជនចូលរួម ជាង៦ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ។
លោករដ្ឋលេខាធិការបញ្ជាក់ថា ទិវាជាតិនេះមានការចូលរួមពីសាធារណជន ជាពិសេស យុវជន សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន និងអ្នកដែលចាប់អារម្មណ៍ឱកាសរៀន និងតេស្ដសមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងឱកាសការងារ យ៉ាងច្រើនកុះករនៅទូទាំងប្រទេស។ ឯកឧត្តម បានលើកឡើងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នេះបានធ្វើឱ្យសាធារណជនកាន់តែយល់ច្បាស់ពីការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងមើលឃើញពីសមត្ថភាពនៃការសិក្សាជំនាញបច្ចេកទេស ទីផ្សារការងារមុរបរក្រោយបញ្ចប់ការសិក្សាជំនាញ។ លើសពីនេះ ទិវាជាតិនេះបានទាក់ទាញចំណាប់អារម្មណ៍អោយយុវជន កម្មកនិយោជិត មកចុះឈ្មោះចូលរៀនជំនាញឱ្យកាន់តែច្រើនថែមទៀត។
លោករដ្ឋលេខាធិការបន្ថែមថា ទិវាជាតិនេះរៀបចំធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេសនាពេលបច្ចុប្បន្ន។
លោកបានអំពាវនាវទៅដល់កម្មករនិយោជិត យុវជន សាធារណជនទាំងអស់ដែលមិនទាន់បានមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យឆ្លៀតពេលមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនម្នាក់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។ ក្នុងនោះដែរអាណាព្យាបាលរបស់យុវជនត្រូវលើកទឹកចិត្តកូនៗមកចុះឈ្មោះចូលរៀនជំនាញឱ្យបានគ្រប់ៗគ្នា។
លោករដ្ឋលេខាធិការសូមលើកទឹកចិត្តអោយវិស័យឯកជនសូមបន្តទទួលយកសិស្សបញ្ចប់ការសិក្សាជំនាញ សូមផ្តល់ប្រាក់ខែអោយបានសមរម្យតាមសមត្ថភាពរបស់សិក្ខាកាមដែលបានបញ្ចប់ការសិក្សា ក្នុងនោះដែរ មហាជន អាជ្ញាធរគ្រប់ជាន់ថ្នាក់សូមចូលរួមផ្សព្វផ្សាយ និងគៀរគរយុវជនអោយមកចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយការប្រារព្ធទិវាថ្នាក់ជាតិត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ថ្នាក់ក្រោមជាតិត្រូវបានប្រារព្ធឡើងនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស រួមនិងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមបណ្ដាខេត្តនានា ដោយមានសាធារណជន យុវជន សិស្សានុសិស្សនិស្សិត មាតាបិតា និងអាណាព្យាបាលចូលរួមទស្សនាស្តង់ពិព័រណ៍ និងការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ និងឱកាសការងារផ្សេងៗផងដែរ៕