(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជំរុញឲ្យលោក លោកស្រីប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ ត្រូវពង្រឹងការត្រួតពិនិត្យទំនិញនៅតាមព្រំដែន ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ ព្រោះថា ការប្រមូលពន្ធ និងអាករ ក្នុងត្រីមាសទី៣នៃឆ្នាំនេះ បានលទ្ធផលមិនសូវល្អនោះទេ ហើយវាក្លាយជាក្ដីបារម្ភក្នុងជួរថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយ ក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមលិខិតរបស់ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ក្នុងស្ថានភាពនេះ នៅត្រីមាសទី៤ដែលជិតចូលមកដល់ អង្គភាពរបស់យើងត្រូវប្រឹងប្រែងថែមទៀត ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន គឺការប្រមែប្រមូលចំណូលចូលថវិកាជាតិឲ្យបានគ្រប់ និងលើសផែនការ ហើយការប្រឹងប្រែងរបស់យើងក្នុងត្រីមាសទី៤នេះ ក៏ជាការត្រៀមខ្លួនអនុវត្តផែនការចំណូលឆ្នាំ២០១៧ ដែលមានកំណើនប្រមាណ១០ភាគរយ ធៀបនឹងផែនការឆ្នាំ២០១៦»។
អគ្គនាយកដ្ឋានគយ បានសង្កត់ធ្ងន់ថា មន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើតការត្រួតពិនិត្យទំនិញដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរវាងការប្រកាស និងទំនិញជាក់ស្ដែង ហើយត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើមុខទំនិញដែលជាមុខសញ្ញារត់គេចវេសពន្ធ ដូចជាគ្រឿងអេឡិចត្រូនិក ទូរស័ព្ទ គ្រឿងអគ្គីសនី ភេសជ្ជៈ ស្រាបៀរ គ្រឿងបន្លាស់យានយន្ដ និងប្រេងឥន្ធនៈជាដើម។
ខាងក្រោមនេះ ជាលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលមានខ្លឹមសារទាំងស្រុង៖