(ភ្នំពេញ)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានណែនាំនូវយុទ្ធសាស្ត្រការងារ ចំនួន ៨ចំណុចសំខាន់ៗ ដល់សិក្ខាកាមជាង១០០នាក់ ក្នុងគោលបំណងដើម្បីពង្រឹង សមត្ថភាពការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
អនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងមន្រ្តីរាជការ កិច្ចការរដ្ឋបាលទូទៅ និងបដិសណ្ឋារកិច្ច» ដែលមានចូលរួមពីមន្រ្តីទេសចរណ៍ មកពីទីស្ដីការក្រសួងទេសចរណ៍ និងមកពីតាមបណ្ដាខេត្តនានានា ក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
យុទ្ធសាស្រ្តការងារទាំងនោះ រួមមាន៖
១.ជំរុញការផ្តល់សេវាសាធារណៈគ្រប់រូបភាព ឱ្យមានភាពងាយស្រួល និងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវរបស់ប្រជាពលរដ្ឋ។
២.ពង្រឹងការអនុវត្តវិន័យ និងកាតព្វកិច្ចមន្រ្តីរាជការ ដូចមានចែងក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ិវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣.បន្តជំរុញការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ពិសេសមន្រ្តីរាជការជាស្រ្តី និងមន្រ្តីក្របខណ្ឌថ្មី ឆ្លើយតបនឹងតម្រូវការ និងផែនការសកម្មភាពរបស់ក្រសួង និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។
៤.បន្តប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពការងារដែលមានស្រាប់ឱ្យចំគោលដៅ «បុគ្គលិកម្នាក់ ជំនាញមួយ»។
៥.បន្តផ្សព្វផ្សាយពីសក្តានុពល និងផលិតផលទេសចរណ៍ តាមគ្រប់រូបភាព ពិសេសផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាព័ត៌មានវិទ្យា។
៦.សម្របសម្រួល និងជំរុញការសហប្រតិបត្តិការជាមួយបណ្តាក្រសួង ស្ថាប័ន ពិសេសគ្រប់អង្គភាព នៃក្រសួងទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយស្ថេរភាព និងនិរន្តរភាព។
៧.ត្រូវគោរពវិន័យ និងឋានានុក្រម រដ្ឋបាលនៅក្នុងពេលបំពេញការងារ។
៨.ក្នុងនាមជាមន្ត្រីរាជការត្រូវការពារឱ្យបាននូវ ផលប្រយោជន៍ជាតិ ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍របស់អង្គភាព ក្រសួង ស្ថាប័ន និងផលប្រយោជន៍របស់មន្ត្រីរាជការ។
លោក ស៊ុន ហី នាយរងការិយាល័យ នៃក្រសួងទេសចរណ៍ ជាសិក្ខាកាមម្នាក់ បានសម្ដែងនូវការពេញចិត្តដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ ដោយបានលើកឡើងថា លោកបានទទួលបទពិសោធន៍ល្អៗ ពិសេសលើមុខជំនាញបដិសណ្ឋារកិច្ច ព្រោះជាការចាំបាច់ក្នុងការបម្រើសេវាកម្មជូនភ្ញៀវទេសចរជាតិ-អន្តរជាតិនានា ឱ្យស្របតាមស្ដង់ដារ។
លោកក៏មានបំណងយកបទពិសោធន៍ពីវគ្គបណ្ដុះបណ្ដាលនេះ ទៅផ្សព្វផ្សាយបន្តដល់មន្រ្តីរាជការដទៃទៀត ចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីឱ្យការអនុវត្តការងារមានភាពល្អប្រសើរ។
ឆ្លៀតពេលដ៏សកម្មនេះ លោក ជា បូរ៉ា បានណែនាំដល់សិក្ខាកាម ត្រូវអនុវត្តការងារឱ្យបានខ្ជាប់ខ្ជួន មិនត្រូវជឿការញុះញង់របស់អ្នកនយោបាយណា ដែលអំពាវនាវឱ្យចូលរួមធ្វើបាតុកម្ម ក្នុងគោលបំណងធ្វើបដិវត្តពណ៌ ដើម្បីឈានទៅដល់ការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ឡើយ។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងចំនួន២លើករួចមកហើយ ដែលបានបណ្ដុះបណ្ដាលដល់មន្រ្តីរាជការជាបន្តបន្ទាប់ បានជាច្រើនរយនាក់ ហើយលើកទី៣នេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែកញ្ញា ឆ្នាំ២០១៦៕