(ភ្នំពេញ)៖ លោក អុល រ៉ូ រដ្ឋលេខាធិការក្រសួងកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី២លើសេចក្តីព្រាង «សៀវភៅ ស សង្គមកិច្ច»។​ សិក្ខាសាលានេះក៏មានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច លោកប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរសង្គមកិច្ច និងអង្គការដៃគូពាក់ព័ន្ធប្រមាណជា៨០នាក់។

លោក អុល រ៉ូ បានបញ្ជាក់ថា គោលបំណងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះដើម្បីពិនិត្យទៅលើទិន្នន័យដែលទាក់ទងនឹងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ នីមួយៗបានផ្តល់មក ពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែម ដោយពិនិត្យហើយបំពេញនូវចំណុចខ្វះខាតនៅគ្រប់ផ្នែកនៃ សេចក្តីព្រាង សៀវភៅស សង្គមកិច្ច ដើម្បីឱ្យឯកសារនេះមានខ្លឹមសារកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

សៀវភៅស សង្គមកិច្ច មានលក្ខណៈពិសេសរបស់ខ្លួនគឺឆ្លុះបញ្ចាំងពីតម្រូវការ (DEMAND SIDE) និងការផ្គត់ផ្គង់(SUPPLY SIDE) នៃសេវាសង្គមនៅតាម២៥ រាជធានី ខេត្ត នៅក្នុងប្រទេសកម្ពុជា។ ផ្នែកតម្រូវការសេវា គឺ ប្រជាពលរដ្ឋ និងផ្នែកផ្គត់ផ្គង់សេវា គឺ កម្លាំងសេវាសង្គម។

លោក អុល រ៉ូ បានបន្ថែមទៀតថា ការកសាងសៀវភៅនេះឡើងគឺផ្អែកទៅលើការសិក្សាស្រាវជ្រាវ និងភ័ស្តុតាងថ្មីៗទាំងក្នុងនិងក្រៅប្រទេសក្នុងការជំរុញឱ្យទាំងអ្នកផ្តល់និងអ្នកទទួលសេវាសង្គមនៅក្នុងប្រទេសកម្ពុជា ទទួលបានការយកចិត្តទុកដាក់បន្ថែមទៅលើសុខុមាលភាពកាន់តែប្រសើរ ពីព្រោះថាអ្នកផ្តល់សេវាសង្គមដែលគ្មានសុខុមាលភាព និងវិជ្ជាជីវៈត្រឹមត្រូវ មិនអាចផ្តល់សេវាល្អទៅឱ្យអតិថិជនរបស់ខ្លួនបានទេ៕