(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ ដោយប្រគេន មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ដល់ព្រះតេជគុណ ប៊ុត ប៊ុនតិញ នាយកអង្គការព្រះពុធសាសនាដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ។
តាមរយៈអនុក្រឹត្យនេះ បានឱ្យដឹងថា ការបំពាក់មេដាយថ្នាក់ធិបឌិន្ទ ប្រគេនដល់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយសារតែព្រះអង្គមានស្នាព្រះហស្ថ ក្នុងការរួមចំណែកដល់ការថែរក្សា កិច្ចការពារ និងអភិវឌ្ឍធនធានធម្មជាតិ នៅកម្ពុជានាពេលកន្លងមក។
ក្រៅពីបំពាក់មេដាយ ប្រគេនព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រគេនមេដាយដូចគ្នានេះ ដល់ព្រះតេជគុណ ប៊ុន សាលួត ព្រះមេគុណ ខេត្តឧត្តរមានជ័យផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាននិមន្តចូលរួមនៅក្នុង វេទិកាស្តីពីការ «ការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ នៅក្នុងពិធីនោះ ព្រះតេជគុណ ក៏បានចូលរួមនូវទស្សនៈដើម្បីជំរុញដល់ការថែរក្សាធនធានធម្មជាតិរបស់កម្ពុជាផងដែរ៕