(ញូវដេលី-ឥណ្ឌា)៖ ប្រទេសកម្ពុជា និងឥណ្ឌា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» ដែលរៀបចំឡើងក្រោមអធិបតីលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី Manisha saxena អគ្គនាយកនៃក្រសួងទេសចរណ៍ឥណ្ឌា នៅសណ្ឋាគារ Shangri-La Eros ទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

ពិធីប្រកាសនេះ ក៏មានការចូលរួមពីវិស័យឯកជនផ្នែកទេសចរណ៍របស់កម្ពុជា-ឥណ្ឌា ដើម្បីធ្វើការផ្គូរផ្គងរវាងគ្នាៗ ឈានរកទៅការសហការគ្នានៅពេលខាងមុខ។ ក្នុងឱកាសប្រកាសបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» នៅទីក្រុងញូវដេលីនេះ តំណាងស្ថាប័នព័ត៌មាន Fresh News ក៏ត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ផងដែរ។

លោកស្រី Manisha saxena អគ្គនាយកនៃក្រសួងទេសចរណ៍ឥណ្ឌា បានថ្លែងថា ជំនួសមុខឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឥណ្ឌា ដែលមើលឃើញថាប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏មានសក្កានុពលមួយនៅអាស៉ី ដោយមិនត្រឹមសម្រាប់ការមកលេងកម្សាន្តនោះទេ តែក៏ជាមជ្ឈមណ្ឌលវប្បធម៌ ដ៏សម្បូរបែប និងជាទីសម្រាប់ផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាត។

លោកស្រីបន្តថា «ខ្ញុំនឹងលើកទឹកចិត្តដល់ប្រជាជនឥណ្ឌាឱ្យមកឃើញផ្ទាល់ភ្នែក ថាតើហេតុបានជាត្រូវមកកាន់ប្រទេសកម្ពុជា និងអ្វីដែលជាការបំផុសគំនិតរបស់ក្រសួងទេសចរណ៍ឥណ្ឌា។ ខ្ញុំរីករាយនឹងផ្តល់ការគាំទ្រចំពោះវិស័យទេសចរណ៍កម្ពុជា។ តាមពិតទៅ យើងបានជជែកគ្នាមុនការបើសម្ភោធជាផ្លូវការ នូវជើងហោះហើរដំបូង រវាងរដ្ឋធានីភ្នំពេញ-រដ្ឋធានីញូដេលី ទៅទៀតអំពីសក្តានុពលនៃវិស័យទេសចរណ៍ប្រទេសទាំងពីរ ហើយខ្ញុំសង្ឃឹមថា ជើងហោះហើរត្រង់នេះ នឹងជួយជំរុញកំណើនភ្ញៀវទេសចរ។ ខ្ញុំ ក៏ទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការថែមទៀតនាពេលអនាគតផងដែរ»

លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានចូលក្នុងពិធីប្រកាសបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» ដែលរៀបចំឡើងនៅទីក្រុងញូវដេលីនៅពេលនេះ។

លោកស្រីបន្តថា ការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំកម្ពុជា-ឥណ្ឌាលើកទី១ គឺជាព្រឹតិ្តការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ នូវការយកចិត្តទុកដាក់រវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា ឲ្យកាន់តែមានភាពរឹងមាំ និងខ្លាំងក្លាថែមទៀត ស្របពេលឆ្នាំ២០២៤ គឺជាខួបលើកទី៧២ ដែលភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ រវាងប្រទេសទាំងពីរ។

លោកស្រីបន្តថា ដើម្បីឲ្យទាក់ទាញភ្ញៀវទេសចរ ក្នុងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទីមួយក៏កាន់តែច្រើនក្រសួងទេសចរណ៍ បានកំណត់ និងរៀបចំឲ្យព្រឹត្ដិការណ៍ និងកម្មវិធីដ៏សម្បូរបែបប្លែកៗ និងមានភាពទាក់ទាញ និងភាពរស់រើកដែលមានដូចជា៖ ព្រឹត្ដិការណ៍កីឡា និងវប្បធម៌ ផ្សារភ្ជាប់នឹងទេសចរណ៍ កម្មវិធីពិពិរណ៍ និងកម្មវិធីជាច្រើនទៀត ស្របនឹងយុទ្ធសាស្ដ្រទស្សនាសៀមរាប ឆ្នាំ២០២៤។

គួរជម្រាបថា ការប្រកាសបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» ធ្វើឡើងបន្ទាប់ពីជើងហោះហើរត្រង់លើកដំបូង ជាប្រវត្តិសាស្ត្ររវាងរាជធានីភ្នំពេញ-ទីក្រុងញ៉ូដេលី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) បានចាប់ផ្តើមហោះហើរ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

តាមការកត់សម្គាល់ជើងហោះហើរជាលើកដំបូង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មានអ្នកដំណើរស្ទើរតែពេញកៅអ៉ីយន្តហោះដោយភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ដែលជាប្រតិភូក្រសួងទេសចរណ៍ ក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យឯកជនកម្ពុជា ដែលមានចូលរួមក្នុងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» ហើយក្រៅពីនោះក៏មានពលរដ្ឋឥណ្ឌា ដែលរកស៉ីនៅកម្ពុជា មកលេងស្រុកកំណើតរបស់ខ្លួន និងមួយចំនួនទៀតជាពលរដ្ឋខ្មែរ ដែលមកព្យាបាលជំងឺ និងមកកម្មវិធីសាសនា។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ធ្វើការហោះហើរចំនួន៤ជើង ក្នុងមួយសប្ដាហ៍ជារៀងរាល់ថ្ងៃ ចន្ទ ពុធ សុក្រ និងអាទិត្យ ពីរាជធានីភ្នំពេញ ទៅកាន់រដ្ឋធានីញ៉ូវដែលី (New Delhi) តាមរយៈជើងហោះហើរលេខ K6 760 ដោយចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៦៖៤៥នាទី ហើយទៅដល់រដ្ឋធានីញូវដែលី (New Delhi) នៅវេលាម៉ោង១៩៖៥០នាទី ជាមួយរយៈពេលនៃការហោះហើរចំនួន៤ម៉ោង និង៣៥នាទី ដោយប្រើប្រាស់អាកាសយានប្រភេទ Airbus 320។

ការបើកការហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ, កម្ពុជារំពឹងថា ចំនួនអ្នកទេសចរឥណ្ឌាមកកាន់កម្ពុជា នឹងមានចំនួនកើនឡើងជាលំដាប់ ព្រមទាំងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ និងទេសចរណ៍វេជ្ជសាស្ត្រ ពីកម្ពុជាទៅប្រទេសឥណ្ឌាវិញផងដែរ ពីព្រោះថាសេវាកម្មព្យាបាលនៅប្រទេសឥណ្ឌា គឺជាសេវាសុខាភិបាលដ៏មានគុណភាពខ្ពស់ ជាមួយនឹងតម្លៃសមរម្យ។

ឥណ្ឌាឈរនៅលេខរៀងទី១៧ នៃដៃគូពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា។ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារឥណ្ឌាកើនដល់ ជាង៣០០លានដុល្លារ នៅឆ្នាំ២០២៣ ពោលមានការកើនឡើងប្រហែល ៥០% បើប្រៀបធៀប ទៅឆ្នាំ២០២២ ហើយទំហំពាណិជ្ជកម្មទ្វេភាគី បានឈានដល់ជិត ៤៨៥.៧លានដុល្លារ ពោលគឺកើនឡើងប្រហែល១០.៤ភាគរយនៅឆ្នាំ២០២៣ ស្មើនឹងប្រមាណ៤៤០លានដុល្លារនៅឆ្នាំ២០២២៕