(ត្បូងឃ្មុំ)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ម៉ៅ ជាម៉េន អនុប្រធានគណបក្សភ្លើងទៀនស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រកាសដើរចេញពីគណបក្សដែលខ្លួនបានបម្រើជាច្រើនឆ្នាំមកហើយ។
លោក ជាម៉េន បានធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងយូរឆ្នាំមកហើយ ព្រោះតែមានការជឿជាក់ថា បក្សប្រឆាំងអាចចូលរួមដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជន។ បន្ទាប់ពីធ្វើដំណើរយូរឆ្នាំជាមួយបក្សប្រឆាំង មិនទទួលបានលទ្ធផលដូចការរំពឹងទុករបស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញបក្សប្រឆាំងចេះតែបែកបាក់សាមគ្គីគ្នា គ្មានជំហរនយោបាយច្បាស់លាស់ និងមិនបានរួមចំណែកអ្វីក្នុងការដោះស្រាយបញ្ហាជាតិ ប្រជាជន ឬចូលរួមក្នុងកិច្ចកសាងជាតិនោះឡើយ។
ដោយអស់សង្ឃឹមថា នឹងការបន្តជីវិតនយោបាយជាមួយគណបក្សប្រឆាំង លោក ម៉ៅ ជាម៉េន ក៏សម្រេចចិត្តផ្តាច់សម្ព័ន្ធមេត្រីភាពជាមួយបក្សដែលខ្លួនស្ម័គ្រស្មោះ ហើយសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
បុគ្គលក្បាលម៉ាស៊ីនបក្សភ្លើងទៀនក្នុងស្រុកតំបែររូបនេះ បានគូសបញ្ជាក់ថា ពេលនេះលោកបានមើលឃើញច្បាស់ដោយឥតសង្ស័យ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមបក្សប្រឆាំងរូបនេះបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
លោក ម៉ៅ ជាម៉េន ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕