Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ ពលរដ្ឋ ខេត្តឧត្តរមានជ័យ រៀបចំពិធីថ្វាយព្រះពរចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ គម្រប់ ៨៨យាងចូល៨៩ព្រះវស្សា

17-06-2024 16:43

(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងលោកស្រី ហាន មុន្នីរ័ត្ន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមប្រារព្ធពិធីថ្វាយព្រះពរ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា។

ក្នុងនាមលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ លោក ឃិន ញ៉ាណ បានថ្លែងថា ស្ថិតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រកបដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៨ យាងចូល ៨៩ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ ជាកូនចៅ ចៅទួត ចៅលួត សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ។

ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុតចំពោះ សម្តេចព្រះមហាក្សតី ដែលកន្លងមកទ្រង់បានលះបង់ ព្រះកាយពល និងព្រះរាជបញ្ញាញាណប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបំពេញព្រះរាជតួនាទី ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ និងសាសនា ដើម្បីភាពសុខសាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មី ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គសូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្ល ព្រះរាជសុខភាពបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ចៅលួត របស់ព្រះអង្គ។

ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ បានរៀបចំប្រគេនបច្ច័យដល់ព្រះសង្ឃ និងបាននាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាច្រើនគ្រួសារផងដែរ៕