(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋប្រមាណ៣០០នាក់ មកពី៤ឃុំ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានលើកគ្នាមកកាន់សាលាស្រុកកំពង់លែង ដើម្បីស្នើសុំថ្នាក់ដឹកនាំស្រុក និងថ្នាក់ដឹកនាំខេត្ត ចូលភ្ជួរដាស់ដីស្រែដែលបានអាស្រ័យផល កាលពីឆ្នាំមុនសម្រាប់ទុកធ្វើស្រែនៅឆ្នាំក្រោយជាបន្តទៀត និងស្នើសុំអាជ្ញាធរកាត់ឆ្វៀលដីតំបន់៣ ដែលពួកគាត់ធ្លាប់បានអាស្រ័យផលជាយូរមកហើយ។

តែករណីដែលប្រជាពលរដ្ឋបានលើកគ្នាមកកាន់សាលាស្រុកកំពង់លែង ដើម្បីស្នើសុំដល់ថ្នាក់ដឹកនាំជួយសម្របសម្រួលតាមការស្នើសុំរបស់ពួកគាត់ខាងលើនេះ ត្រូវបានលោក យ៉ែម លក្ខិណា អភិបាល ស្រុកកំពង់លែង បញ្ជាក់ប្រាប់ថា តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើនេះ លោកអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ជូនប្រជាពលរដ្ឋថា លោកនឹងទទួលយកសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីដាក់ជូនទៅថ្នាក់លើសម្រេច តែខណៈនេះលោកអភិបាលខេត្ត សុំឲ្យប្រជាពលរដ្ឋមានការយោគយល់ដល់ថ្នាក់ដឹកនាំសិន ព្រោះបច្ចុប្បន្ននេះទាំងរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក រួមទាំងមន្ទីរជំនាញពាក់ព័ន្ធ រួមទាំងក្រុមការងារក្រសួងរៀបចំដែនដី កំពុងសម្រុកចុះវាស់វែងក្បាលដីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងនេះ យ៉ាងមមាញឹកបំផុត។

រីឯសំណើស្នើសុំកាត់ឆ្វៀលដីតំបន់៣ ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលកន្លងមកនោះ លោកអភិបាលខេត្ត សុំឱ្យប្រជាពលរដ្ឋរង់ចាំក្រុមការងារក្រសួងពាក់ព័ន្ធចុះមកពិនិត្យជាក់ស្ដែងសិន តើដីណាដែលត្រូវកាត់ឆ្វៀល ជូនបងប្អូនប្រជាពលរដ្ឋ លទ្ធផលយ៉ាងណានោះ ក្រុមការងារ នឹងផ្ដល់ព័ត៌មានជូនបងប្អូននៅពេលក្រោយ ហេតុនេះសូមបងប្អូនត្រឡប់ទៅលំនៅដ្ឋានវិញសិន ហើយមេត្តារក្សានូវភាពស្ងៀមស្ងាត់ ដោយរង់ចាំការសម្រេចពីថ្នាក់ដឹកនាំជាមុនសិន៕