(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោក វ៉ី សំណាង សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន២១៦នាក់ ស្រី៧៧នាក់ មកពីអតីតនៃនិន្នាការនយោបាយគណបក្សផ្សេង ធ្វើឡើងនៅសាលប្រជុំធំរបស់មន្ទីរគណបក្សខេត្ត។
បន្ទាប់មានចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ថ្ងៃនេះគណបក្សខេត្តកំពង់ស្ពឺ បានប្រកាសបញ្ចូលសមាជិកថ្មីដែលផ្តាច់ខ្លួន បានមកបម្រើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ដោយគ្មានជំនឿចិត្ត និងការបន្តជីវិតនយោបាយជាមួយគណបក្សប្រឆាំងពួកគេ ក៏សម្រេចចិត្តផ្តាច់សម្ព័ន្ធមេត្រីភាពជាមួយបក្សដែលខ្លួនស្ម័គ្រស្មោះ ហើយសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
ពួកគេបានគូសបញ្ជាក់ថា នៅពេលនេះបានមើលឃើញច្បាស់ដោយឥតសង្ស័យ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕