(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាបានបរាជ័យ ២-១ មុននេះ ក្រោមថ្វីជើងរបស់ U-19 ថៃដែលជាក្រុមការពារតំណែងជើងឯក នៃវគ្គជម្រុះប្រចាំពូល B ពានរង្វាន់ប្រចាំអាស៊ាន AFF U-19 Youth Championships 2016។
ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Hay Day ស្ថិតក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាមនោះ ក្រុមគោ ព្រៃកម្ពុជា មានឱកាសនាំមុខ១គ្រាប់មុន ពីការធ្វើបានសម្រេចដោយកីឡាករ ដាវីដ នៅនាទីទី៨ មុនពេលដែលយុវជន ថៃបានធ្វើការវាយបកនាំមុខ ២-១ វិញនៅនាទីទី២៨ និងនាទីទី៣០ មុនពេលដែលការប្រកួតក្នុងវគ្គទី២បន្តទៀត ពុំមានការស៊ុតបញ្ចូលទីគ្នាទៀតទេ។
សូមបញ្ជាក់នេះជាការបរាជ័យលើកទី៥របស់ក្រុមគោព្រៃ U-19 កម្ពុជា ក្រោមថ្វីជើងរបស់ថៃ តែអាចបំបែកពងមាន់ក្រុម ខ្លាំងនេះបានហើយ ក្រៅពីធ្លាប់ចាញ់ ៧-០ ៦-០ ៥-០ និង ៣-០ ពីប្រវត្តិជួបគ្នានាពេលកន្លងមកក្នុងពានរង្វាន់នេះដូច គ្នា។
៣ប្រកួតរបស់កម្ពុជា ទើបតែឈ្នះ១ ទទួលបាន៣ពិន្ទុ និងចាញ់២ដង ពុំដែលស្មើឡើយ ដោយស៊ុតបញូលទីគេបាន ៤គ្រាប់ និងរបូតវិញ៤គ្រាប់ដូចគ្នា ដែល១ប្រកួតដំបូងបានចាញ់ U-19 អូស្រ្តាលី ២-០ ឈ្នះ U-19 ឡាវ ៣-០ មុនមក ចាញ់ U-19 ថៃ ក្រោមលទ្ធផល ២-១ ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២១០៦នេះ។ ១ប្រកួតបន្តទៀតរបស់កម្ពុជា ត្រូវជួប ក្រុម U-19 មីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យ ទី១៨ មុនទៅប៉ះ U-19 ឥណ្ឌូនេស៊ី ថ្ងៃទី២០ កញ្ញាជាកិច្ចបញ្ចប់វគ្គជម្រុះសន្សំពិន្ទុ ក្នុងពូល B៕