(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានស្នើក្រុមប្រឹក្សាថ្មីស្រុកវាលវែងទាំង១៣រូប ដែលត្រូវចូលកាន់តំណែងនាថ្ងៃនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងត្រូវរួមចាប់ដៃគ្នា ជាមួយគណៈអភិបាលស្រុក ក្នុងកិច្ចការងារអភិវឌ្ឍស្រុក ក៏ដូចជាបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។

លោកអភិបាលរងខេត្ត បានស្នើបែបនេះ នៅសាលប្រជុំសាលាស្រុកវាលវែង ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកវាលវែង នៃខែត្តពោធិ៍សាត់ ចំនួន១៣រូប ក្នុងអាណត្តិទី៤ ដោយបានការចូលរួមពី តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក ពៅ ពិសិដ្ឋ បានលើកឡើងដែរថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកវាលវែង អាណត្តិទី៤ គឺយោងតាមអនុលោមតាមមាត្រា៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។ លោកបានអបអរសាទរ និងកោតសរសើរ ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកវាលវែង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ ផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុក សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បីបន្តដឹកនាំស្រុកវាលវែង សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថិរភាព និងបន្តអភិវឌ្ឍស្រុក ឱ្យមានការរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។

លោកបានបន្តថា ពិតណាស់សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ដែលជាប់ឆ្នោតនេះ គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួនទាំងមូល។ លើសពីនេះ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាផ្នែកមួយ នៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការងារនៅមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គួរជម្រាបជូនថា យោងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៥៤អនក្រ-តត ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៤ ចំនួន១៣រូប រួមមាន៖

ទី១៖ លោក អួន យ៉ង់ ជាប្រធានក្រុមប្រឹក្សាស្រុក
ទី២៖ លោក សូ សាហុង ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៣៖ លោក ឆេ ឈីវ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៤៖ លោក គី ស៊ុនហុង ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៥៖ លោកស្រី សុខ នាង ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៦៖ លោកស្រី លាស់ ធី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៧៖ លោកស្រី គុន សាអែម ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៨៖ លោក ពេជ្រ នីល ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៩៖ លោក ជួន គៀន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១០៖ លោក កែវ សុភ័ណ្ឌ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១១៖ លោក ប្រាក់ សម្បត្តិ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១២៖ លោក ងន គីមហោ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៣៖ លោក ជិន លី ជាសមាជិកក្រុមប្រឹក្សាស្រុក៕