(បន្ទាយមានជ័យ)៖ លោក ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងទិវាពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន៦៥០នាក់។

បើតាមលោក ប៉ាង សុវណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានរាយការណ៍ជូនសង្ខេប អំពីស្ថានភាពការងារបង្កបង្កើនផលសម្រាប់ឆ្នាំ២០២៣ ក្នុងនោះ៖

* មានបរិមាណផលដំណាំគ្រប់ប្រភេទ សម្រេចបាន ៣,៤៥៦,២០៧តោន កើនលើសឆ្នាំ២០២២ ចំនួន២២៤,៥៤០តោន ស្មើនឹង៦.៥% រួមមាន៖ ដំណាំស្រូវ ដំណាំសាកវប្បកម្ម និងផលិតកម្មដំណាំឧស្សាហកម្ម និងផែនការដាំដុះ បង្កបង្កើនផល ឆ្នាំ២០២៤។

លើសពីនេះទៀត ដោយបានការអនុញ្ញាត ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏មានការចែកជូនកូនឈើប្រណិត កូនឈើប្រេងខ្យល់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ចូលរួមផងដែរ។

ទន្ទឹមគ្នានេះ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ មានសេចក្តីសោមនស្សរីករាយ និងអរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមទិវាខាងលើនេះ ក្រោមប្រធានបទ «រួមគ្នាថែរក្សាគុណភាពដី កេរ្តិ៍តំណែលយើង អនាគតយើង»

លោក ឈឿន ក្រៃយ៉ុង បានបន្ថែមថា វិស័យកសិកម្ម ជាវិស័យចំបង ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច ជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ហើយជាខេត្តមួយមានសក្តានុពល ខាងវិស័យកសិកម្ម រួមមានទាំងគុណភាពដី គុណភាពទឹក ខ្យល់ ធនធានធម្មជាតិ និងជីវៈចម្រុះនានា ដែលមានសារៈសំខាន់ និងមានទំនាក់ទំនង ជាមួយជីវភាព និងការរស់នៅរបស់បងប្អូនយើង។

នាឱកាសនេះ លោក ចាន់ សារុទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អប្រសើរ របស់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការបារព្ធទិវានេះ ពោរពេញដោយអត្ថន័យ ជាប្រវត្តិសាស្ត្រ នៅលើទឹកដីដ៏ស្រស់បំព្រង នៃខេត្តបន្ទាយមានជ័យ ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ចមួយ របស់ប្រទេសជាតិ។

លើសពីនេះទៅទៀត លោក ចាន់ សារុទ្ធ បានបន្ថែមថា ការប្រារព្ធទិវាខួបលើកទី៣០នាពេលនេះ គឺក្នុងន័យបង្ហាញអំពីឆន្ទៈ ការប្តេជ្ញាចិត្ត និងការចូលរួមរបស់យើង ជាមួយពិភពលោកក្នុងក្របខ័ណ្ឌ នៃការអនុវត្តអនុសញ្ញា ព្រមទាំងដើម្បីលើកទឹកចិត្ត និងបង្កើនចំណាប់អារម្មណ៍គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឲ្យបានយល់ជ្រួតជ្រាបអំពីសារៈសំខាន់របស់ដី ដោយដីជាជីវិត។

ក្នុងន័យដូចគ្នានេះ ក្រោមការដឹកនាំរបស់ រដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សម្រាប់ជាធាតុចូល ក្នុងការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដែលនៅក្នុងនោះ ក៏មានការយកចិត្តទុកដាក់យ៉ាងខ្ពស់ ដល់ការថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិកសិកម្ម ជាពិសេសដីផងដែរ។

លោក ចាន់ សារុទ្ធ ក៏សូមអំពាវនាវ ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយបន្តការគាំទ្រ ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មាន និងបុព្វហេតុទាំងអស់នេះ ឲ្យបានទូលំទូលាយ និងឲ្យបានជ្រួតជ្រាប ដល់ប្រជាជនគ្រប់មជ្ឈដ្ឋានផងដែរ៕