(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា។

ពិធីនេះ មានសូត្រមន្តចម្រើនព្រះបរិត្ត នមស្សការ ព្រះរតនត្រ័យ សមាទានសិល្ប៍ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៩អង្គ និមន្តមកពីវត្តចំនួន ៥ ក្នុងក្រុងព្រៃវែង ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា។

ពិធីនេះបា​នធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាព លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង ដែលមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះខេមរញាណ ភី យ៉ា ព្រះអនុគណក្រុងព្រៃវែង និងជាអនុប្រធានកិត្តិយសសាខាខេត្ត និងភាគីពាក់ព័ន្ធសរុបចំនួន ២១០នាក់។

នៅក្នុងឱកាសនោះផងដែរ ក៏មានការបូជាទានធូប និងថ្វាយកន្ត្រកផ្ការ និងនិមន្តព្រះសង្ឃ សូត្រមន្ត ចម្រើនវឌ្ឍនៈមង្គល វេរភត្តាហារ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា គម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា។

លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ទាំងអស់ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។

បន្ទាប់ពីបានប្រារព្វពិធីសូត្រមន្ត ចម្រើនព្រះបរិត្តទៅតាមទំនៀមទម្លាប់ប្រពៃណីរួចមក ប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី បានប្រគេនបច្ច័យសម្រាប់ព្រះសង្ឃចំនួន ៩អង្គ និងកសាងវត្ត ចំនួន ៥វត្ត ក្នុងក្រុងព្រៃវែងផងដែរ៕