(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារសាធារណៈ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា៖ ការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារ សាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោង «ស្ពានអាកាសមរតកតេជោ» ជាដើម ។

បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង នៅតំបន់ភូមិសាស្ដ្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងភ្នំពេញកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្តាញលូ អណ្ដូងលូ និងប្រឡាយរំដោះទឹក ព្រមទាំងត្រៀមជាស្រេចដើម្បីធ្វើអន្តរាគមន៍ចំពោះករណីជំនន់ទឹកភ្លៀង និងប្រធានសក្ដិនានា ដែលអាចកើតមានជាយថាហេតុផងដែរ៕