(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បាននាំយកចានស្រាក់ចំនួន១៥០ និងដបទឹកក្តៅចំនួន១៥០ ចែកជូនថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម និង អង្កការចំនួន១៥០នាក់ ដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ពិធីនេះបានធ្វើឡើងនាពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោក សោម អូន សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក ប្រធានកិត្តិយសសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC និងលោក សួង ហួត សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធាន ស.ស.យ.ក NACC រួមទាំងក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលតំណាងឱ្យកម្មករជាង៣០ម៉ឺននាក់នៅកម្ពុជា។ កម្មវិធីនេះរៀបចំនៅទីស្នាក់ការ NACC នៅភូមិទ្រង់មាន់ សង្កាត់អូបែកក្អម រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក សោម អូន បានថ្លែងថា សម្ភារៈទាំងនេះជាអំណោយរបស់សហជីពទូទាំងប្រទេសចិន ACFTU មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ CFPDនិង CWCIE ផ្ដល់ជូន NACC ដើម្បីចែកចាយបន្ត ដល់កម្មករ និយោជិត ក្នុងគោលបំណងចូលរួមការពារបរិស្ថាននិងសុខភាពកម្មករនិយោជិត ហើយវាក៏ជាផ្នែកមួយ នៃការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកផងដែរ។

ក្នុងកម្មវិធីចែកសម្ភារៈ ក៏មានការអញ្ជើញចូលរួមនិងធ្វើជាសាក្សីពីលោក LIU ZHANGUO នាយកការិយាល័យ CFPD នៅកម្ពុជាផងដែរ។

លោក សួង ហួត បានថ្លែងអំណរគុណដល់ ACFTU, CFPD និង CWCIE ដែលវាបានផ្តល់សម្ភារៈទាំងនេះដល់កម្មករកម្ពុជា។ បន្ទាប់ពីចែកលើកនេះគឺ យើងបន្តចែកដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាននៅតាមរោងចក្រ សហគ្រាស និងកម្មករផងដែរ។ អំណោយនេះ គឺជាសក្ខីភាពនៃការរឹតចំណងសាមគ្គីភាពរវាងសហជីពនៃប្រទេសទាំងពីរ និងបង្ហាញពីការយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកផងដែរ៕