(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យរួមគ្នា គិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្កាស និងអគ្គិភ័យជាដើម ព្រោះជារឿងសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំសំណង់ និងប្រព័ន្ធសុវត្ថិភាព ខ្ញុំបានឲ្យឯកឧត្ដម កែវ រតនៈ ពិនិត្យមើលរៀបចំឲ្យហើយ [...] ខ្ញុំឲ្យគិតគូរអំពីច្បាប់គ្រប់គ្រង រឿងប្រព័ន្ធអូសហ្កាស ចូលក្នុងផ្ទះ ព្រោះថា ថ្ងៃក្រោយអគារខ្ពស់ ប្រើប្រព័ន្ធហ្កាសច្រើន ដូច្នេះត្រូវមានប្រព័ន្ធសុវត្ថិភាព»

លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យត្រូវគិតឲ្យហើយ និងរៀបចំជាមួយក្រសួងដែនដី និងសំណង់ ដាក់ស្តង់ដារ ទាំងភ្លើង ទាំងទឹក ទាំងហ្កាស ដែលត្រូវបង្គុំចូល ទៅក្នុងការរៀបចំផែនការ និងគោលនយោបាយ គោលការណ៍សុវត្ថិភាពអគារសំណង់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នាពេលអនាគត អាចមានក្រុមហ៊ុនផ្គត់ផ្គង់ហ្កាសជាតំបន់ ដែលមានការរៀបចំ ដូចប្រព័ន្ធខ្សែកាប និងប្រព័ន្ធទឹក។ សម្ដេចធិបតី បានបន្ដថា បើសិនជាប្រតិបត្តិករលក់ហ្គាស អត់មានសុវត្ថិភាព អត់មានស្តង់ដារ គឺចាក់ទាំងប្រថុយប្រថាន ប្រឈមនឹងគ្រោះថ្នាក់។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យស្ថាប័ន-ក្រសួងពាក់ព័ន្ធ ត្រូវគិតគូរចំពោះរឿងសំណង់ រឿងអគារ រឿងក្រុង ឲ្យមែនទែន ព្រោះវាជារឿងសំខាន់ និងជាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋ ត្រូវការរស់ដោយសេចក្ដីសុខ ស្ថេរភាព សន្តិសុខសុវត្ថិភាព រួមទាំងសមត្ថភាព នៃការរស់នៅ ដូចការដំឡើងអគារ។ សម្ដេចបន្ដថា សុវត្ថិភាពស្តង់ដារ ធ្វើអគារត្រូវមានស្តង់ដារ កុំឲ្យធ្វើឲ្យបាក់ កុំឲ្យធ្វើហើយ មិនយកខ្សាច់ស្តង់ដារ ទៅយកខ្សាច់សមុទ្រ យកមកធ្វើ ជាដើម-ល-៕