(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថបានឃើញការផ្សព្វផ្សាយព័ត៌មានមានខ្លឹមសារថា «ពលរដ្ឋស្លូតត្រង់ម្នាក់ កំពុងអាស្រ័យផលលើដីរបស់ខ្លួនសុខៗ ស្រាប់តែមន្ដ្រីប៉េអឹមដ៏មានអំណាច ប្ដឹងកោះហៅចូលការិយាល័យព្រហ្មទណ្ឌ ត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែង»។

ចំពោះការចុះផ្សាយនេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញមកបកស្រាយថា លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន (P3) មានមុខងារ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនបានគំរាមកំហែង ហើយលោកក៏មិនមែនជាមន្ត្រីប៉េអឹមដ៏មានអំណាច ដូចការចោទប្រកាន់ទេ។

បើតាមលោក អេង ហ៉ី, លោក គង់ សត្ថារិន គឺនាយទាហានក្រោមបង្គាប់តាមឋានានុក្រមកងទ័ព។ លោកស្រី ទិត តារ៉ា ត្រូវជាប្រពន្ធរបស់លោក គង់ សត្ថារិន បានដាក់ពាក្យបណ្ដឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញប្តឹងឈ្មោះ ភុំ ធៀប ភេទប្រុស អាយុ៤១ឆ្នាំ និងបក្ខពួកពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចនវត្ថុដោយសុចរិត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីដើមខែមិថុនា ឆ្នាំ២០២៤ គឺជាសិទ្ធិក្នុងនាមជាពលរដ្ឋ។

ចំណែកឯការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រឹមត្រូវតាមបញ្ញត្តិដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា អំពីសិទ្ធិតវ៉ារឿងក្តីនេះដូចខាងក្រោម៖

ទី១៖ ឈ្មោះ ភុំ ធៀប មានសិទ្ធិតវ៉ាគ្រប់ដំណាក់កាលនៃរឿងក្តីព្រហ្មទណ្ឌ អាចបង្ហាញភស្ដុតាងចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ឬតំណាងអយ្យការ ឬតវ៉ាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬចៅក្រមស៊ើបសួរ និងតវ៉ាសាលាក្តីគ្រប់ជាន់ថ្នាក់។

ទី២៖ កងរាជអាវុធហត្ថ នៅពេលទទួលពាក្យបណ្ដឹងត្រូវតែចាត់ការភ្លាមតាមនីតិវិធី ក្រោមការសម្របសម្រួល ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូង។ ក្នុងករណីមន្ត្រីនគរបាលយុត្តិធម៌ អនុវត្តមិនត្រឹមត្រូវ ឬខុសនីតិវិធី ព្រះរាជអាជ្ញា អាចដកហូកសំណុំរឿងនោះឱ្យទៅមន្ត្រីនគរបាលយុត្តិធម៌ផ្សេងទៀត។

ទី៣៖ មាត្រា៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា «បណ្ដឹងអាជ្ញាអនុវត្តទៅលើបុគ្គលគ្រប់រូប ទាំងរូបវ័ន្ដបុគ្គលទាំងនីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា កំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពទៀតឡើយ»៕