(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ១៩១១ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រោះថ្នាក់ ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ 1BO-4549 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KL-1257 បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់ នាក់ទៀតរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះមានជនត្រូវចោទឈ្មោះ ទ្រី ស៊ីថេង ភេទប្រុស អាយុ៣៨ឆ្នាំ (ក្រៅឃុំ) ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចផ្លូវ៦០ម៉ែត្រ ប្រសព្វផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

បន្ទាប់ពីចៅក្រមស៊ើបសួរ បានពិនិត្យអង្គហេតុ អង្គច្បាប់ ភស្តុតាង និងឯកសារក្នុងសំណុំរឿងខាងលើរួចមក ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យជនត្រូវចោទឈ្មោះ ទ្រី ស៊ីថេង ចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០២៖៣០នាទីរសៀល និងបានចេញដីកាកោះឱ្យឈ្មោះ រួម សុវណ្ណនីដា ជាដើមបណ្តឹងរដ្ឋប្បវេណី ចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩៖៣០នាទីព្រឹក ប៉ុន្តែភាគីទាំងពីរមិនបានចូលមកតាមការកំណត់របស់ចៅក្រមស៊ើបសួរនោះឡើយ។

គិតមកដល់ថ្ងៃនេះ ពុំមានភាគីពាក់ព័ន្ធណាមួយបានមកដាក់ពាក្យស្នើសុំវត្ថុចាប់យកមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចៅក្រមពិនិត្យ និងសម្រេចតាមនីតិវិធីច្បាប់នោះឡើយ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ ក៏បានបណ្តាលឲ្យអ្នកនាង ចន្ទ សិរីរដ្ឋ (ប្រពន្ធអ្នកបើកបរ) អតីតសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ និងត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធកម្រងបទចម្រៀងស្នាដៃសម្តេចតេជោ និងសៀវភៅ «សម្តេចពុកសន្តិភាព» រងរបួសធ្ងន់ សន្លប់បាត់មានបាត់ក ត្រូវបានបញ្ជូនមកព្យាបាល និងសង្គ្រោះបន្ទាន់ នៅមន្ទីរមិត្តភាពកម្ពុជា-ចិន ព្រះពេទ្យកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)៕