(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀនសរុបជាង៣គីឡូក្រាម និងអាវុធ៤ដើម នៅក្រុងបាវិត និងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងខេត្ត។

លោកបានអះអាងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអបុញ្ញាតិនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជាលទ្ធផលនៃប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន១៤នាក់ និងជនជាតិខ្មែរម្នាក់ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១១៣.០៣ក្រាម, ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់១៥៨៩.៤៩ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់១៣៥៤.៨៩ក្រាម សរុបសារធាតុញៀនទម្ងន់៣០៦៦.៤១ក្រាម(៣គីឡូ៦៦.៤១ក្រាម), អាវុធខ្លីចំនួន៣ដើម បង់៣ គ្រាប់៦៤គ្រាប់, អាវុធវែងកែឆ្នៃ១ដើម, ជញ្ជីងថ្លឺងថ្នាំញៀន១គ្រឿង, ទូរស័ព្ទដៃ១៥គ្រឿង, រថយន្ត១គ្រឿង, ម៉ូតូ៣គ្រឿង, លិខិតឆ្លងដែន៥ក្បាល, ដាវសារ៉ៃ២ ព្រមទាំងឧបករណ៍ សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង១៥ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕