(កំពង់ធំ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានប្រាប់ទៅក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ត្រូវដាក់ចិត្តដាក់កាយជួយអភិវឌ្ឍន៍ស្រុកឱ្យកាន់តែរីកចម្រើន។ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្ត និងមិនត្រូវធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខកចិត្តចំពោះក្រុមការងារនោះឡើយ។
លោកអ្នកឧកញ៉ា ទ្រី ភាព ដែលមានតួនាទីជាទីប្រឹក្សា និងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងពិធីនោះលោកអ្នកឧកញ៉ា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ក្នុងស្រុកប្រាសាទបល្ល័ង្ក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស។ លោកអ្នកឧកញ៉ា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែងនឹករលឹកជាប់ជានិច្ចដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់។
ថ្លែងទៅកាន់ប្រធានក្រុមការងារ សមាជិក សមាជិកាក្នុងឃុំទាំង៧នៅស្រុកប្រាសាទបល្ល័ង្ក ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅទូទាំងស្រុកប្រាសាទបល្ល័ង្ក លោកអ្នកឧកញ៉ា ទ្រី ភាព បានគូសរំលេចថា ដោយសារសម្តេចតេជោ ហ៊ុន សែន មានសេចក្តីទុកចិត្ត ទើបសម្តេចសម្រេចចាត់តាំងរូបលោក ក៏ដូចជាសមាសភាពថ្នាក់ដឹកនាំពង្រឹងស្រុកដទៃឱ្យចុះមកកាន់ស្រុកប្រាសាទបល្ល័ង្ក។ ដូច្នេះទាំងរូបលោក ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក សមាជិកគណៈពង្រឹងការងារដទៃទៀត ត្រូវតែប្រឹងប្រែងឱ្យអស់ពីចិតពីថ្លើម មិនត្រូវធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ខកចិត្តខកបំណងនោះឡើយ។
ដើម្បីសម្រេចបានលទ្ធផលការងារដែលដាក់ជូនដោយសម្តេចតេជោ ហ៊ុន សែន, លោកអ្នកឧកញ៉ា ទ្រី ភាព បានក្រុមការងារត្រូវក្រាញននៀលជាមួយប្រជាពលរដ្ឋ ត្រូវចុះតាមភូមិ តាមឃុំ ជួបប្រជាពលរដ្ឋ ស្តាប់ប្រជាពលរដ្ឋពីសេចក្តីត្រូវការរបស់គាត់។ ជាពិសេសត្រូវមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ត្រូវសាងសង់ ឬត្រូវជួសជុល ជូនប្រជាពលរដ្ឋ ព្រោះហេដ្ឋារចនាសម្ព័ន្ធជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្រៅពីណែនាំឱ្យគណៈពង្រឹងការងារចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋហើយនោះ លោក អ្នកឧកញ៉ា ទ្រី ភាព ក៏បានប្រកាសពីផ្តល់ការឧបត្ថម្ភ និងការចូលរួមរំលែកការលំបាក ប្រជាពលរដ្ឋនៅពេលមានសមាជិកគ្រួសារទទួលមរណភាព គឺទទួលបានការឧបត្ថម្ភអង្ករ៥០គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល។ សម្រាប់អ្នករៀបអាពាហ៍ពិពាហ៍វិញ លោកអ្នកឧកញ៉ា ប្រកាសចងចំណងដៃ ១០០ដុល្លារ។
ឆ្លៀតក្នុងឱកាសនៃការបង្ហាញសមាសភាពគណៈពង្រឹងការងារនៅក្នុងឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្កនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានប្រកាសជម្រាបជូនប្រជាពលរដ្ឋទុកជាមុនផងដែរ ក្រុមការងារគណៈពង្រឹងរបស់បក្សនៅក្នុងស្រុកប្រាសាទបល្ល័ង្ក គឺជួយតែការងារអភិវឌ្ឍន៍ប៉ុណ្ណោះ មិនទទួលខុសត្រូវការដោះស្រាយវិវាទនានានោះឡើយ។ វិវាទទាំងឡាយ គឺជាដែនសមត្ថកិច្ចរបស់អាជ្ញាធរ។
នៅក្នុងពិធីខាងលើនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានប្រកាសបង្ហាញគម្រោងទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅតាមឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីផ្តល់ជាកន្លែងបំពេញការងាររបស់សមាជិកបក្សឱ្យបានសមរម្យផងដែរ។
សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងស្រុកប្រាសាទបាល្ល័ង្ក បានសម្តែងក្តីសប្បាយរីករាយ ដែលសម្តេចតេជោ ហ៊ុន សែន ចាត់ឱ្យលោកអ្នកឧកញ៉ា ទ្រី ភាព ចុះជួយការងារនៅក្នុងស្រុកប្រាសាទបាល្ល័ង្ក។ ពួកគាត់សង្ឃឹមថា លោកអ្នកឧកញ៉ា ទ្រី ភាព និងក្រុមការងារ នឹងជួយកសាងអភិវឌ្ឍន៍ស្រុកឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ក្នុងពិធីព្រឹកមិញនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមការងារគណបក្សស្រុកក៏បាននាំយកអំណោយជាថវិកាប្រគល់ជូនគណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងសមាជិក សមាជិកា ដែលអញ្ជើញចូលរួម សរុបជាទឹកប្រាក់ប្រមាណជា ១៤០,០០០,០០០រៀល។
ដើម្បីជាការបង្កើនភាពស្និទ្ធស្នាល បង្កើនស្មារតីសាមគ្គីភាព ក្នុងពិធីនាព្រឹកមិញនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានរៀបចំកម្មវិធីពិសាអាហារសាមគ្គីរវាងថ្នាក់ដឹកនាំគណៈពង្រឹងការងារ ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សក្នុងស្រុកប្រកបដោយក្តីសប្បាយរីករាយ៕