(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានសហការរៀបចំ ពិធីសម្ពោធការហោះហើរត្រង់លើកដំបូងរវាងកម្ពុជា និងឥណ្ឌា (ភ្នំពេញ និងញូវដេលី)។

ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីថ្លែងសុន្ទរកថាក្នុងពិធីនេះ។

ឧបនាយករដ្ឋមន្ត្រី និងលោករដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានគូសបញ្ជាក់ថា ការបើកជើងហោះហើរត្រង់នេះ នឹងពង្រឹងទំនាក់ទំនង សង្គមវប្បធម៌ និងសេដ្ឋកិច្ចយ៉ាងសំខាន់រវាងកម្ពុជានិងឥណ្ឌា។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ កម្ពុជា អង្គរ អ៊ែរ ឈានមុខគេក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការដាក់ឲ្យដំណើរការជើងហោះហើរថ្មីនេះ។

ការតភ្ជាប់នេះ នឹងធ្វើឲ្យភ្ញៀវទេសចរឥណ្ឌា អាចចូលទស្សនាប្រាសាទអង្គរវត្តបានកាន់តែច្រើន និងបានបង្កើនប្រជាប្រិយភាពនៃទេសចរផងដែរ។ លើសពីនេះ ជើងហោះហើរនេះផ្តល់ឲ្យអ្នកជំងឺកម្ពុជា នូវលទ្ធភាពទទួលបានការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យនៅប្រទេសឥណ្ឌា។ នាពេលខាងមុខ ក៏មានផែនការពង្រីកបណ្តាញជាមួយនឹងជើងហោះហើរបន្ថែមទៀត ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌។

ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូរីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបង្ហាញពីទំនួលខុសត្រូវសង្គមរបស់ខ្លួន ដោយបាន រក្សាជើងហោះហើរក្នុងស្រុកសំខាន់ៗរវាងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយធានាឲ្យមានការបន្តជើងហោះហើរទោះបីជាមានតម្រូវការទាបក៏ដោយ ក៏ក្រុមហ៊ុនបានរក្សាអត្ថន័យដែលបង្កប់ក្នុងពាក្យស្លោករបស់ខ្លួនថា «មោទនភាពក្នុងការផ្តល់សេវាបម្រើដល់ព្រះរាជាណាចក្រកម្ពុជា» ផងដែរ។

ជើងហោះហើរថ្មីនេះ ត្រៀមរួចជាស្រេចសម្រាប់ភាពជោគជ័យ តាមរយៈមរតកសាសនារួម តម្រូវការថែទាំសុខភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងឥណ្ឌា។

ការតភ្ជាប់នេះ នឹងមិនត្រឹមតែជំរុញដល់ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជំរុញទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិ្ចឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយនឹងប្រវត្តិដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ និងផលប្រយោជន៍ទៅវិញទៅមក ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានសុទិដ្ឋិនិយមចំពោះសក្ដានុពល និងឥទ្ធិពលវិជ្ជមាននៃការផ្តល់សេវាកម្មថ្មីនេះ។

ចំពោះជើងហោះហើរទៅមកភ្នំពេញ-ញូវដេលី ក្រុមហ៊ុនបានផ្តល់ជូនសេវាបម្រើនូវជម្រើសជើងហោះហើរចំនួនបួនជើងជារៀងរាល់សប្តាហ៍ ដោយមានជើងហោះហើរពីរាជធានីភ្នំពេញទៅកាន់រដ្ឋធានីញូដេលី នៅម៉ោង១៦៖៤៥នាទីដោយប្រើថិរវេលា ៤ម៉ោង និង៣៥នាទី និងពីរដ្ឋធានីញដេលីមកភ្នំពេញវិញនៅម៉ោង២០៖៥០នាទីដោយប្រើថិរវេលាដូចគ្នា ដែលនឹងចាប់ផ្ដើមដាក់ឲ្យដំណើរការនៅចុងខែតុលា ឆ្នាំ២០២៤នេះផងដែរ។

ក្រៅពីនេះក្រុមហ៊ុន អាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក៏មានជើងហោះហើរក្នុងនិងក្រៅប្រទេសជាច្រើនទៀតដូចជា ភ្នំពេញ-សៀមរាប ភ្នំពេញ-ក្រុងព្រះសីហនុ សៀមរាប-ក្រុងព្រះសីហនុ ភ្នំពេញ-ហាណូយ ភ្នំពេញ-ហូជីមិញ ភ្នំពេញ-ដាណាង ភ្នំពេញ-ដាណាងនិងទៅកាន់គោលដៅសំខាន់ៗជាច្រើនទៀត៕