Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកយុទ្ធនាការដាក់ថ្នាំអាបែត-បាញ់ថ្នាំសម្លាប់មូស

16-06-2024 16:14

(កំពង់ធំ)៖ អាជ្ញាធរស្រុកបារាយណ៍ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកយុទ្ធនាការដាក់ថ្នាំអាបែត-បាញ់ថ្នាំសម្លាប់មូស នៅក្នុងភូមិសាស្ត្រឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ឃន ចាន់ថៃ អភិបាលស្តីទីស្រុកបារាយណ៍ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លា ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។

លោកបានថ្លែងថា «យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ»

ដោយឡែកលោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិបារាយណ៍-សន្ទុក បានឲ្យដឹងថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិន ដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុក ឬបោះចោលពាសវាលពាសកាល បង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

លោកបានលើកឡើងថា «យើងត្រូវដាក់ថ្នាំអាបែតក្នុងវត្ថុទាំងនោះ ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម»