(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋមួយចំនួន មានទាំងក្មេង និងចាស់ រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទឹកមុខញញឹមរីករាយ ជាមួយការងារច្រកផ្សិតប៉ក់ ឲ្យឈ្មួញសម្រាប់នាំចេញទៅលក់នៅប្រទេសថៃ ដោយក្នុងមួយព្រឹក ពួកគាត់អាចរកចំណូល បានប្រមាណ៣០,០០០រៀល។

ក្នុងទឹកមុខញញឹមញញែម ជាមួយនឹងសកម្មភាពកំពុងច្រកផ្សតិប៉ក់ដាក់ក្នុងថង់ ស្រ្តីម្នាក់បាននិយាយឲ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ជារៀងរាល់ព្រឹក គាត់និងគ្រួសារ តែងមកច្រកផ្សិតប៉ក់ ឲ្យឈ្មួញសម្រាប់នាំចេញទៅលក់នៅឯប្រទេសថៃ ដោយក្នុងមួយព្រឹក ត្រឹមម៉ោងប្រមាណ១១ ឫ១១ជាង គាត់អាចរកចំណូលបានចំនួន៦០,០០០រៀល ពីរនាក់គ្រួសារ អ្នកខ្លះមានសមាជិកគ្រួសារច្រើន ក៏រកចំណូលបានច្រើន។

ស្ត្រីដដែលបានឲ្យដឹងទៀតថា ការងារច្រកផ្សិតប៉ក់នេះស្រួលខ្លាំងណាស់ ដោយមុនដំបូងយើងយកផ្សិតប៉ក់ដាក់ក្នុងកញ្រ្ចែង ហើយរែងវាឲ្យអស់ដី ទើបយើងយកទៅច្រកក្នុងថង់ ដោយក្នុងមួយថង់ តម្រូវឲ្យយើងច្រកផ្សិតប៉ក់ចំនួន១០គីឡូក្រាម ចំណែកក្មេងៗ ដែលមានកម្លាំងល្មមអាចជួយលើកដាក់ ជួយរៀបចំ ក៏អាចទទួលបានចំណូលខ្លះៗដែរ។

ដោយឡែក ស្ត្រីឈ្មោះ ម៉ន នីតា ឈ្មោះហៅក្រៅ ចែ ចិន អាយុ៤៥ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាឈ្មួញនាំផ្សិតប៉ក់ ទៅលក់នៅប្រទេសថៃនោះ បាននិយាយរៀបរាប់ឲ្យដឹងផងដែរថា ក្នុងមួយថ្ងៃៗគាត់នាំផ្សិតប៉ក់ទៅលក់ឲ្យឈ្មួញ នៅប្រទេសថៃតាមច្រកអន្តរជាតិជាំ ប្រមាណជិត២តោន ឫអាចលើសនេះក៏មាន។

ស្ត្រីជាឈ្មួញរូបនេះ បានឲ្យដឹងទៀតថា ផ្សិតប៉ក់ដែលដឹកយកមកចាក់គរ ឲ្យប្រជាពលរដ្ឋជួយច្រកដាក់ថង់ សម្រាប់នាំចេញនាពេលនេះ គឺប្រមូលទិញមកពីខេត្តរតនៈគីរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយក្នុង១គីឡូក្រាម គាត់ទិញតម្លៃ៥,០០០រៀល ហើយយកលក់បន្តឲ្យឈ្មួញនៅប្រទេសថៃ ក្នុង១គីឡូក្រាមតម្លៃ៦០បាត ទូទាត់ថ្លៃឡាន ថ្លៃប្រជាពលរដ្ឋជួយច្រក គាត់អាចរកចំណូលបានគួរសមក្នុងមួយថ្ងៃ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្តនោះ គឺប្រជាពលរដ្ឋជាអ្នកច្រកផ្សិត តែងផ្តល់ស្នាមញញឹមដល់គាត់ជានិច្ច៕