(ត្បូងឃ្មុំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រតិភូ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X ១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះ ប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។

សូមជម្រាបថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម បានបង្ហាញឲ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឲ្យរស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕