(កំពង់ចាម)៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានសំណេះសំណាលជាមួយលោកតា អាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តបឹងទីង មុនពេលធ្វើការផ្លាស់ប្ដូរចៅអធិការវត្ត ស្ថិតនៅក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ។

លោក អ៊ុន ចាន់ដា បានថ្លែងថា គោលបំណងក្នុងការជួបសំណេះសំណាលជាមួយលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្តបឹងទីង នាឱកាសនេះ គឺដោយសារត្រូវនិមន្តព្រះអង្គ ប៉ាង សូដា មកធ្វើជាចៅអធិការវត្ត ជំនួសចៅអធិការវត្តមុន ដែលព្រះអង្គមានជំងឺ មិនអាចបន្តដឹកនាំបាន។

លោកអភិបាលខេត្ត បានបន្តថា ប្រការដែលធ្វើកិច្ចជាបន្ទាន់នេះ ដោយសារប្រញាប់ឲ្យបានមុនពេលចូលវស្សា ដើម្បីកុំឲ្យប៉ះពាល់ដល់កិច្ចប្រតិបត្តិ ធម៌វិន័យរបស់ព្រះសង្ឃ។ ដូច្នេះការធ្វើកិច្ចបែបសាសនា ក្នុងការតែងតាំងព្រះចៅអធិការវត្តថ្មី និងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ចាយ បូរិន បានថ្លែងថា បន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់ស្រុកស្រីសន្ធរ ឃើញថា ក្នុងមូលដ្ឋាននេះ ក៏មានការអភិវឌ្ឍច្រើនផងដែរ ដែលទាំងនោះ គឺដោយសារប្រទេសយើង មានសុខសន្តិភាព ។ ទន្ទឹមនិងនេះ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ក៏បានសម្រេច និមន្តព្រះអង្គ ប៉ាង សូដា មកគង់នៅធ្វើព្រះចៅអធិការវត្តបឹងទីងនេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ប្រការដែលធ្វើឲ្យមានការផ្លាស់ប្ដូរ ព្រះចៅអធិការវត្តនាពេលនេះ គឺដោយសារកត្តា ចៅអធិការវត្តព្រះនាម ទូច សុខេន ដែលមានព្រះជន្ម៧៣ព្រះវស្សា មានរោគាពាធ មិនអាចបន្តដឹកនាំវត្តនេះបាន។ ម្យ៉ាងទៀត ដោយសារ ការចូលព្រះវស្សា និងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដូច្នេះទើបមានការរៀបចំឲ្យមានអ្នកគ្រប់គ្រងវត្ត ដើម្បីដឹកនាំវត្តនេះ ឲ្យមានការរីកចម្រើនបន្ថែមទៀត៕