(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន សន្ដិសុខ លីប្រា និងសហព័ន្ធកីឡាប្រដាល់កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្ដិការ ក្រោមទិសដៅ ឈ្នះៗ និងជាការលើកទឹកចិត្ដ ដល់កីឡាករជើងចាស់ និងជំរុញទឹកចិត្ដ កីឡាករ ប្រដាល់ ជំនាន់ក្រោយ ឲ្យមានសន្ទុះនៃការប្រឹងប្រែងហ្វឹកហាត់ កាន់តែខ្លាំងបន្ថែមទៀត ។
លោក បណ្ឌិត តាំងណាំស៊្រុន ប្រធានអនុគណៈកម្មការទ្រទ្រង់សហព័ន្ធកីឡាប្រដាល់កម្ពុជា បានលើកឡើងថា សហព័ន្ធកីឡាប្រដាល់កម្ពុជា ជាសហអង្គការសង្គមស៊ីវិលមួយ ដែលពុំអាចកាត់ផ្ដាច់ ពីវិស័យឯកជនបានទេ ដោយមើលឃើញបច្ចុប្បន្ន កីឡាករប្រដាល់កម្ពុជា អាចមានមុខមាត់ លើឆាកអន្ដរជាតិ ថែមទាំងទទួលបានជោគជ័យជាច្រើនផងដែរ ដូច្នេះហើយទើបសហព័ន្ធបានគិតគូរអំពីការងារទៅអនាគត ថាតើកីឡាករអស់សមត្ថភាពប្រដាល់ ឬចូលនិវិត្ដ តើពួកគាត់មានការងារអ្វីទ្រទ្រង់ជីវភាព ។
លោកបន្ដថា ចំណុចនេះ បានធ្វើឲ្យយើងឈានមកចាប់ដៃសហការជាមួយ និងក្រុមហ៊ុនសន្ដិសុខលីប្រា ពិសេសយើងធ្វើបែបនេះគឺជាយុទ្ធសាស្រ្ដឈ្នះទាំងអស់ តាមរយៈកិច្ចសហប្រតិបត្ដិការនេះ នៅពេលកីឡាករចូនិវត្ដ ឬអស់សមត្ថភាពប្រដាល់ គាត់អាចធ្វើជាគ្រូបង្វិកនៅក្រុមហ៊ុន សន្ដិសុខ ឬក៏អាចចាប់ការងារជាសន្ដិសុខ ដើម្បីទទួលបានប្រាក់កម្រៃក្នុងការទ្រទ្រង់ជីវភាពរបស់ពួកគាត់ ។រីឯ ក្រុមហ៊ុន សន្ដិសុខលីប្រា ក៏ទទួលបានបុគ្គលិកល្អ ដែលមានចំណេះ និងជំនាញទៅលើក្បាច់ គុណប្រដាល់ផងដៃរ ជាងនេះ ក៏មានឱកាសផ្សព្វផ្សាយពីក្រុមហ៊ុនខ្លួន ចូលទៅក្នុងវិស័យមួយនេះ។
លោក ហេង ម៉េងហួ នាយកក្រុមហ៊ុនសន្ដិសុខ លីប្រា បានថ្លែងថា«កន្លងមកក្រុមហ៊ុន យើងក៏ធ្លាប់បានធ្វើកិច្ចការជួយសង្គមជាតិ បានច្រើនតាមរយៈសកម្មភាពផ្សេងៗ ព្រោះដោយមើលឃើញថាពីតម្រូវការរបស់សហព័ន្ធកីឡាប្រដាប់កម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្ដិការ ជាមួយដៃគូរឯកជន ដើម្បី ជួយទ្រទ្រង់ និងលើកស្ទួយ ដល់កីឡាប្រដាល់គ្រប់ប្រភេទ ក៏ដូចជា ជួយសម្រួលដល់ជីវភាពកីឡាករនោះ ហើយក្រុមហ៊ុន ក៏បានធ្វើកិច្ចព្រមព្រៀង សហប្រតិបត្ដិការងារនេះឡើង ដើម្បីជាការលើកទឹកចិត្ដ ដល់កីឡាករប្រដាល់»។
លោកថ្លែងបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្ដិការនេះ នឹងធ្វើឲ្យកីឡាករប្រដាល់គ្រប់ប្រភេទ ដែលមានទាំងកីឡាប្រដាល់ ក្បាច់គុណបុរាណខ្មែរ ប្រដាល់សកលស្ម័គ្រចិត្ដ និងប្រដាល់សកលអាជីព មានកម្លាំងចិត្ដ ក្នុងការប្រឹងប្រែងហ្វឹកហាត់ បង្កើនចំណោះដឹង ជំនាញរបស់ខ្លួនបន្ថែមទៀត ដើម្បីឈានទៅដណ្ដើម ជោគជ័យ និងមេដាយជូនប្រទេសជាតិ គា្រដែលកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ។ វាក៏ជាសញ្ញាមួយដ៏ល្អ ដែលបង្ហាញឲ្យឃើញពីការចេះជួយយកចិត្ដកទុកដាក់ និងស្រលាញ់គ្នា រវាងខ្មែរ និងខ្មែរ៕