(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បើពោលអំពីព្រះនគរខ្មែរ ដែលរាជរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាថ្ងៃដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លាបំផុត សម្រាប់ប្រជាជាតិខ្មែរ មានក្ដីសោមនស្សអំណរសាទរសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ហ្លូងម៉ែក្នុងព្រះជន្ម៨៨ យាងចូល៨៩ ព្រះវស្សា សូមបួងសួងឲ្យព្រះអង្គ ប្រកបដោយព្រះបរមសុខ គ្រប់ប្រការនិងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា យ៉ាងអធិកអធ័មដូចសាធារណជាតិនិងអន្ដរជាតិឃើញនេះ។
បានបង្ហាញឲ្យឃើញថា ថ្ងៃសិរីសួស្ដីហ្លួងម៉ែ គឺជាថ្ងៃសិរីសួស្ដីរបស់ព្រះនគរខ្មែរ ។ ព្រោះប្រពៃណីតាំងពីបុរាណមក គ្មានថ្ងៃណាល្អជាងថ្ងៃចម្រើនព្រះជន្មនោះទេ ដោយទ្រង់ជាទីគោរពសក្ការៈបំផុត ក្នុងដួងចិត្ដរបស់ប្រជាជាតិខ្មែរយើងគ្រប់ៗរូប ទូទាំងកម្ពុជរដ្ឋ ។
លោក រ័ត្ន សណ្ដាប់ បន្តថា បើពោលអំពីដើមកំណើតនៃការប្រារព្ធពិធីចម្រើនព្រះជន្ម ឬខួបកំណើតនេះទៀតសោត មានគ្រប់ជាតិសាសន៍ទាំងអស់ អាស្រ័យទៅតាមវប្បធម៌ ប្រពៃណីរបស់ជាតិសាសន៍នីមួយៗ ខណៈដំបូងទ្បើយជនជាតិអេហ្ស៊ីប ក្នុងរជ្ជកាលព្រះបាទផារ៉ោន- Pharaoh ក្នុងការចាប់កំណើត និងគ្រងរាជ្យមានកិច្ចពិធីជប់លៀងជានិមិត្ដរូបនៃ "ព្រះ" ក្នុងទម្រង់ជាមនុស្សនាសម័យអាណាចក្របុរាណ។ មានន័យថា ការប្រារព្ធពិធីចម្រើនព្រះជន្ម ឬខួបកំណើតដំបូងមិនមែនសម្គាល់ជាកំណើតរបស់មនុស្សទេ ប៉ុន្តែជាកំណើតនៃ"ព្រះ" ។
មួយវិញទៀត បើពោលអំពីប្រព័ន្ធជំនឿរបស់ជនជាតិក្រិកវិញ ក្នុងការប្រារព្ធពិធីចម្រើនព្រះជន្ម ឬខួបកំណើត គេជឿថាតាមរយ:សរសេរឈ្មោះ គឺជាថ្ងៃដ៏អស្ចារ្យបំផុត ហៅថា" ថ្ងៃរបស់ខ្ញុំ " ព្រោះក្នុងអំឡុងពេលខួបកំណើត វិញ្ញាណផ្ទាល់ខ្លួនបង្កើតរូបរាងរបស់ពួកគេ។ មានន័យថាការជូនពរខួបកំណើត ធ្វើឲ្យវិញ្ញាណមានភាពប្រសើរឧត្ដុង្គឧត្ដម ព្រោះមនុស្សគ្រប់រូបមានវិញ្ញាណការពារនៅពេលកើត។ វិញ្ញាណនេះបានបង្កើតទំនាក់ទំនងដ៏អាថ៌កំបាំងជាមួយមនុស្ស ហើយបានបន្តឃ្លាំមើលពួកគេក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេដោយការប្រារព្ធថ្ងៃដែលបានកើត ដើម្បីបង្កើតការការពារសម្រាប់ឆ្នាំដ៏ល្អខាងមុខៗ ទៀត ។
លោករ័ត្ន សណ្តាប់ បញ្ជាក់ថា សព្វថ្ងៃជាទូទៅមនុស្សជុំវិញពិភពលោក បានប្រារព្ធពិធីចម្រើនព្រះជន្ម ឬខួបកំណើតតាមរបៀបស្រដៀងៗគ្នា មាននំខួបកំណើត ទៀន ផ្កា និងបទចម្រៀង ព្រមទាំងការជូនពរ។ ព្រោះជនជាតិក្រិកជឿថា នំតុបតែងដោយការដោតទៀនលម្អក្នុងថ្ងៃខួបកំណើតដើម្បីអបអរសាទរ គឺជា "ព្រះច័ន្ទ "។ ព្រោះក្រិក ជឿថាផ្សែងបានជួយនាំសាររបស់ខ្លួនទៅកាន់ឋានព្រះ ដោយការផ្លុំទៀន ជួយផ្ញើក្តីប្រាថ្នារបស់ខ្លួនឡើងលើឋានសួគ៌ ។ ម្យ៉ាងទៀតការបួងសួងក្នុងថ្ងៃនេះ ធ្វើឲ្យសត្រូវក្លាយជាមិត្ដ ។ ដូច្នេះចំពោះព្រះរាជពិធីចម្រើនព្រះជន្មហ្លួងម៉ែ គឺពិតជាបង្ហាញអំពីគុណតម្លៃស្រ្ដីក្នុងអារ្យធម៌ខ្មែរ ដោយឈរលើគោលការណ៍ស្រ្ដីជាទីប្រសើរដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម ជាគ្រឹះដ៏រឹងមំានៃតុល្យភាពសង្គម និងសន្ដិភាព ៕