(ភ្នំពេញ)៖ បន្ទាប់ពីតម្លៃស្រូវបានធ្លាក់ចុះ គួរឲ្យបារម្ភ និងមានការថ្អូញថ្អែរពីប្រជាកសិករនោះ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំនូវកិច្ចប្រជុំពិភាក្សាមួយ ស្តីពី «ការប្រមូលទិញស្រូវ អង្ករសម្រាប់ការនាំចេញ ទៅកាន់ទីផ្សារអន្តជាតិ» ជាមួយភាគីពាក់ព័ន្ធរួមមាន មកពីក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ វិស័យធនាគារ ដើម្បីស្វែងរកដំណោះស្រាយជុំវិញការធ្លាក់ចុះតម្លៃស្រូវ និងជំរុញឲ្យមានការនាំចេញ ទៅទីផ្សារមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំពិភាក្សាដ៏តម្លៃនោះ ភាគីរាជរដ្ឋាភិបាល និងវិស័យឯកជនបានរកឃើញនូវមូលហេតុដែលនាំឲ្យតម្លៃស្រូវ ពិសេសស្រូវសែនក្រអូប ដែលជាប្រភេទអង្ករល្អរបស់កម្ពុជា ធ្លាក់ចុះតម្លៃ នឹងកំពុងត្រូវស្វែងរកដំណោះស្រាយ។
រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បានបញ្ជាក់ថា មានមូលហេតុមួយចំបងមួយ ក្នុងចំណោមមូលផ្សេងៗទៀត ដែលនាំឲ្យស្រូវសែនក្រអូបធ្លាក់ ចុះខ្លាំងនោះ ដោយសារតែនៅឆ្នាំនេះ ប្រជាកសិករបានដាំដុះស្រូវសែនក្រអូបនេះ មានបរិមាណច្រើនជាងឆ្នាំៗកន្លងទៅ។ ជាពិសេសដោយអាកាសធាតុល្អ មានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់នោះ ធ្វើឲ្យផលស្រូវរបស់ប្រជាកសិករទទួលបានផលច្រើន ដោយកន្លងទៅមួយហិកតា ធ្លាប់តែទទួលបានផលស្រូវ ពី២ទៅ៣តោន ក្នុងមួយហិកតា ប៉ុន្តែឆ្នាំនេះទទួលបានផលរហូតដល់ ៣ ទៅ៤តោន ក្នុងមួយហិកតា។
ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក៏បានបញ្ជាក់ផងដែរការធ្លាក់ចុះនេះ ក៏មានមូលហេតុមកពីបញ្ហាទីផ្សារនាំចេញ ដោយសារតែអង្កររបស់កម្ពុជា យើងមិនអាចប្រកួតប្រជែង តម្លៃជាមួយប្រទេសថៃ និងវៀតណាម ដោយអង្ករក្រអូបរបស់ខ្មែរតម្លៃ ៦៥០ដុល្លារក្នុងមួយតោន ខណៈអង្ករក្រអូប បុថុមថានី របស់ថៃ និង អង្ករ KTM របស់វៀតណាម ដែលគុណភាពប្រហាក់ប្រហែលកម្ពុជា មានតម្លៃតែ៥៥០ដុល្លារប៉ុណ្ណោះក្នុងមួយតោន ដូច្នេះអង្ករបស់កម្ពុជា ថ្លៃលើសអង្ករថៃ វៀតណាម រហូតដល់១០០ដុល្លារក្នុងមួយតោន។
លោកឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វូដ បានថ្លែងថា នៅឆ្នាំនេះទិន្នផលស្រូវសែនក្រអូបរបស់ កសិកររបស់យើងបរិមាណច្រើន លើសជាងឆ្នាំកន្លងៗទៅ ដែលធ្លាប់ជួបគ្រោះរាំងស្ងួត និងមួយទៀត កសិករគាត់អត់មានលទ្ធភាពរក្សាស្រូវទុក ដោយគ្មានឡសម្ងួត ដោយសារមានភ្លៀងធ្លាក់ផងនោះ ទើបពួកគាត់បង្ខំចិត្តលក់ស្រូវ ទៅឲ្យឈ្មួញដែលមានលទ្ធភាពមានឡសម្ងួត ដូច្នេះទើបតម្លៃស្រូវចុះថោក។
ពាក់ព័ន្ធនឹងការធ្លាក់ចុះតម្លៃស្រូវនេះ ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារ RDB នៅសប្តាហ៍ក្រោយនឹងទម្លាក់កញ្ចប់ថវិកាពិសេសមួយនូវទឹកប្រាប់ប្រមាណពី២០ ទៅ៣០លានដុល្លារអាមេរិក អន្តរាគមន៍ការធ្លាក់ចុះនៃតម្លៃស្រូវ ដែលនេះជាការដំណោះស្រាយបន្ទាន់មួយ នេះបើតាមការបញ្ជាក់របស់អគ្គនាយករងមួយរូបរបស់ RDB។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សហព័ន្ធស្រូវអង្ករ និងធ្វើការជាមួយធនាគារអភិវឌ្ឍនជនបទ ដើម្បីបែងចែកនូវកញ្ចប់ថវិកានេះ ធ្វើយ៉ាងណាជួយអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា និងចំគោលដៅចំពោះការធ្លាក់ចុះតម្លៃស្រូវ។ លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ថា សហព័ន្ធស្រូវអង្ករ បានរៀបចំផែនការរួចរាល់ហើយ ប៉ុន្តែលោកបដិសេធការពន្យល់អំពីផែនការនេះ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ បានលើកឡើងនូវសំណូមពរមួយចំនួន ទៅកាន់ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម
ដោយសុំឲ្យមានការគិតគូរនូវការបញ្ចុះតម្លៃអគ្គិសនី ការអនុគ្រោះពន្ធ និងការផ្តល់កម្ចីពីធនាគារផងដែរ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា បញ្ហាមួយចំនួនត្រូវបានក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៉ីនកិនស្រូវកម្ពុជា លើកឡើងដើម្បីជួយឲ្យការនាំចេញអង្កររបស់កម្ពុជា អាចប្រកួតប្រជែងជាមួយ ប្រទេសជិតខាងបាន។
បញ្ហាទី១៖ បញ្ហាអគ្គិសនី គឺសូមតម្លៃអគ្គិសនីថោកជាងមុន សម្រាប់រោងម៉ាស៊ីនកិនស្រូវ ហើយមានការបែងចែកតម្លៃប្រើប្រាស់ អគ្គិសនីនៅពេលយប់។
បញ្ហាទី២៖ គឺការអនុគ្រោះពន្ធឲ្យដល់សូន្យភាគរយ ឬមិនគិតពន្ធសម្រាប់វិស័យកសិកម្ម។
បញ្ហាទី៣៖ សូមឲ្យមានការអន្តរាគមន៍ ចំពោះការផ្តល់ឥណទានដល់ម៉ាស៊ីនកិនស្រូវ ទាំងធនាគាររដ្ឋ និងឯកជន ចំពោះវិស័យស្រូវអង្ករ ឲ្យមានសមស្រប។
យ៉ាងណាចំពោះសំណូមពរទាំងនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សន្យារាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យជួយដោះស្រាយនូវបញ្ហានេះ។
សូមជម្រាបថា តម្លៃស្រូវក្រអូបបានធ្លាក់ចុះ ពីតម្លៃជាង៩០០០បាតក្នុងមួយតោម មកនូវត្រឹមជាង៦០០០បាតក្នុង១តោន៕