(ភ្នំពេញ)៖ តាមការបញ្ជាក់ពីតំណាងវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនី បច្ចុប្បន្ន ជំនាញអគ្គិសនីកំពុងមានតម្រូវការយ៉ាងច្រើនក្នុងទីផ្សារការងារកម្ពុជា ខណៈនិស្សិតអគ្គិសនីរៀនចប់បរិញ្ញាបត្រ៥ឆ្នាំ ចេញធ្វើការដំបូងទទួលបានប្រាក់ខែចាប់ពី៥០០ដល់៧៥០ដុល្លារក្នុងមួយខែ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសបើកជាផ្លូវការនូវវេទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ លោក ជិន ភិមសុខា ប្រធានទំនាក់ទំនង និងមុខរបរនិស្សិត នៃវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនី បានឱ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានមកទាក់ទងនិសិ្សតក្នុងវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនីច្រើន ដើម្បីបំពេញតម្រូវការងារក្នុងក្រុមហ៊ុនរបស់ខ្លួន លើមុខជំនាញអគ្គិសនី និងវិស្វករទាំងពីរភេទ ប៉ុន្ដែវិទ្យាស្ថានបណ្ដុះបណ្ដាលនិស្សិតមិនទាន់បានគ្រប់គ្រាន់នឹងតម្រូវការនៅឡើយនោះទេ។

លោក ជិន ភិមសុខា បានបញ្ជាក់ថា ការតម្រូវការលើមុខជំនាញអគ្គិសនី និងវិស្វករនេះ ដោយសារប្រទេសកម្ពុជាកំពុងមានតម្រូវការ និងរីកចម្រើនលើវិស័យថាមពលអគ្គិសនីនេះខ្លាំង ដែលធ្វើឱ្យមានកង្វះកម្លាំងធនធានមនុស្សមានជំនាញច្រើន។

លោក ជិន ភិមសុខា អះអាងថា ក្រោយពីបញ្ចប់ការសិក្សារបស់និស្សិតលើបរិញ្ញាបត្ររង និងបរិញ្ញាបត្រ គឺពួកគាត់នឹងទទួលបានឱកាសការងារធ្វើច្រើន និងមានប្រាក់ខែចាប់ពី៥០០ដល់៧៥០ដុល្លារក្នុងមួយខែ។

លោកបន្ថែមថា ដើម្បីបំពេញតម្រូវការទីផ្សារការងាររបស់បណ្ដាក្រុមហ៊ុនពេលបច្ចុប្បន្ន និងនាពេលខាងមុខ វិទ្យាស្ថានបានបង្កើនការផ្សព្វផ្សាយឱ្យសិស្សនិសិ្សតមកដាក់ពាក្យចូលរៀនបរិញ្ញាបត្ររង និងបរិញ្ញាបត្រឱ្យបានកាន់តែច្រើន ដើម្បីរៀនចប់មានការងារធ្វើ និងមានប្រាក់ខែខ្ពស់សម្រាប់លើកកម្ពស់ជីវភាពក្នុងគ្រួសារផងដែរ។
លោកបន្ដថា និស្សិតដែលអាចចូលរៀនក្នុងវិទ្យាស្ថានបាន គឺត្រូវធ្វើតេស្ដសមត្ថភាពលើមុខវិទ្យា អង់គ្លេស គណិតវិទ្យា និងរូបវិទ្យា ដើម្បីអាចអាចចូលរៀនលើមុខជំនាញនេះបានយ៉ាងងាយស្រួល។

យុវតី សោ លីណា ជានិស្សិតឆ្នាំទី៥នៃវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនីបានលើកឡើងថា ការសម្រេចចិត្ដមកចូលរៀនលើមុខជំនាញអគ្គិសនីនេះ ដោយមើលឃើញពីត្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាកំពុងមានតម្រូវការច្រើនលើការអភិវឌ្ឍអគារ និងហេដ្ឋារចនាសម្ពន្ធជាច្រើន និងមានប្រាក់ខ្ពស់ផងដែរ។

យុវតីរូបនេះបន្ដថា ការសិក្សា និងរៀនជំនាញនេះ គឺអាចសិក្សា និងធ្វើការបានទាំងបុរស និងស្ដ្រី ដោយគ្មានហានិភ័យអ្វីទាំងអស់ បន្ទាប់ពីមានការបណ្ដុះបណ្ដាលពីលោកគ្រូអ្នក និងសាស្រ្ដាចារ្យដែលមានជំនាញអគ្គិសនីនេះយ៉ាងច្បាស់លាស់។

សូមបញ្ជាក់ថា វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលបណ្ដុះបណ្ដាលលើជំនាញវិទ្យាសាស្ត្រអគ្គិសនី សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងជំនាញ ពិសេសសម្រាប់បុគ្គលិកអគ្គិសនី។ ចំពោះលក្ខខណ្ឌដែលអាចសិក្សានៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនីនេះបាន គឺតាមរយៈការប្រឡងជ្រើសរើស។

វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនីក៏មានកាតព្វកិច្ចរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញពិសេសសម្រាប់បុគ្គលិកអគ្គិសនីកម្ពុជា ដើម្បីចូលរួមចំណែកការពង្រឹងពង្រីកសមត្ថភាព ចំណេះជំនាញបុគ្គលិកប្រកបគុណភាព និងធានាបាននូវប្រសិទ្ធភាពការងារលើវិស័យអគ្គិសនីនៅកម្ពុជាផងដែរ៕