(រតនគិរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមើលឃើញថា ខេត្តរតនគិរី ដែលជាខេត្តទេសចរណ៍ធម្មជាតិនៅភូមិ ភាគឦសានប្រទេសកំពុងមានការអភិវឌ្ឍ និងរីកចម្រើនគួរកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០១២ ហើយវាខុសគ្នាកាន់តែឆ្ងាយថែមទៀត បើធៀបទៅនឹងឆ្នាំ ១៩៨២ ពេលសាលាខេត្តត្រូវបានរើពីស្រុកលំផាត់មកក្រុងបានលុង។
ក្នុងកិច្ចចាប់ផ្តើម នៃកិច្ចសំណេះសំណាលជាមួយមន្រ្តីរាជការ និង កម្លាំងប្រដាប់អាវុធក្នុងខេត្តរតនគិរី នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តរតនគិរី នាពេលបច្ចុប្បន្នមានការរីកចម្រើន បើធៀបទៅនឹងឆ្នាំ២០១២ ពេលដែលសម្តេចអញ្ជើញមកចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ភាពរីកចម្រើននេះ វាខុសគ្នាកាន់តែឆ្ងាយថែមទៀត បើធៀបទៅនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨២ ជាពេលទើបរើសាលាខេត្តពី ស្រុកលំផាត់មកកាន់ក្រុងបានលុង ដែលកាលនោះមិនទាន់មានផ្លូវ សម្រាប់ធ្វើដំណើរឲ្យបានងាយស្រួលនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះខ្ញុំពិតជារីករាយ ដែលបានវិលប្រឡប់មកកាន់ខេត្តរតនគិរីជាថ្មីម្តងទៀត។ បន្ទាប់ពីលើកមុនបានមកសម្រាកមួយយប់ ដើម្បីចែកបណ្ណកម្មសិទ្ធ ជូនពលរដ្ឋរបស់យើងនៅឆ្នាំ២០១២។ ការមកលើកនេះ យើងបាន សង្កេតឃើញពីការរីកលូតលាស់ ហើយបើប្រៀបធៀបទៅនឹងថ្ងៃ៧ មករា ១៩៨២ នៅពេលដែលទីក្រុងបានលុងនេះ ដែលចាត់ទុកជាទី រួមខេត្តរតនគិរី ត្រូវបានរើពីលំផាត់»។
សម្តេចតេជោ បានរំលឹកទៀតថា «ពេលនោះ ខ្ញុំមកចូលរួមពិធីបុណ្យរំលឹកខួបថ្ងៃទី០៧ មករា ស្ថានភាពនេះ វាខុសគ្នាឆ្ងាយដាច់ស្រឡះ ពេលនោះ មានផ្ទះសំណាក់តែមួយ មានកម្ពស់មួយជាន់ ហើយរងារនោះរងារ ហើយគ្មានកន្លែងបើកឡានទេ។ ជិះឡានកុម្មង់ការតាមផ្លូវ រទេះ»។
បើទោះបីខេត្តរតនគិរី ជាខេត្តដាច់ស្រយ៉ាលយ៉ាងណាក្តី តែខេត្តមួយនេះ គឺជាខេត្ត ដែលមានអគ្គិសនីពីវារីអគ្គិសនីប្រើបានមុនគេ។ នេះ បើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ខេត្តរតនគិរី ជាខេត្តមួយនៅភាគឦសាន នៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ ៥៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ដោយសារការធ្វើដំណើរពីរាជធានីភ្នំពេញ ក៏ដូចជាពីបណ្តាខេត្តផ្សេងៗទៀត ឆ្ពោះមកកាន់ខេត្តរតនគិរី មានភាពងាយស្រួល ដោយសារបច្ចុប្បន្នប្រព័ន្ធគមនាមនាគមន៍ផ្លូវ ស្ពាន មានភាពប្រទាក់ក្រឡាគ្នា និងមានភាពល្អប្រសើរនោះ ខេត្តរតនគិរី កំពុងស្រូបទាញបានភ្ញៀវទេសចរកើនឡើងជា រៀងរាល់ឆ្នាំផងដែរ។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានថ្លែងក្នុងកិច្ចសំណេះសំណាលនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះថា រយៈពេល ៦ខែ ឆ្នាំ២០១៦នេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៤ម៉ឺននាក់ (១៤៦,៥៧០នាក់) ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ កើនឡើង ០.៨៣ភាគរយ។ ក្នុងនោះភ្ញៀវទេសចរជាតិ មានជាង ១៣ម៉ឺននាក់ (១៣២,០៦០នាក់) ភ្ញៀវទេសចរអន្តរជាតិ មានជាង ១ម៉ឺននាក់ (១៤,៥១០នាក់)។
បច្ចុប្បន្នខេត្តរតនគិរី មានសណ្ឋាគារចំនួន ១៤កន្លែង ផ្ទះសំណាក់ចំនួន ៣៦កន្លែង មានភោជនីយដ្ឋាន ១៤កន្លែង និងអាហារដ្ឋាន ២៤កន្លែង។ ខេត្តរតនគិរីមានរមណីយដ្ឋានទេសចរណ៍ចំនួន ១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិមានចំនួន ១២កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ២កន្លែង។
តំបន់ទេសចរណ៍ធម្មជាតិ ក្នុងខេត្តរតនគិរីមានដូចជាបឹងយក្សឡោម, ភ្នំឥសីប៉ាតាម៉ាក់, ទឹកធ្លាក់កាចាង, ទឹកធ្លាក់អូរស៊ីនឡែ, ទឹកធ្លាក់អូរសែនស្រណោះ, ទឹកធ្លាក់ចាអ៊ុង, ឧទ្យានជាតិវីរៈជ័យ, ជម្រកសត្វព្រៃលំផាត់, អូចាឡយ, ព្រៃនងកាបាត។ ក្រៅពីនេះ ភ្ញៀវទេសចរអាចទស្សនាភូមិជនជាតិ, វប្បធម៌របស់ជនជាតិដូចជា ជំនឿ, ពិធីបុណ្យ, ការរាំ និង ការប្រគំភ្លេងជាដើម។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង មានចំនួនជាង ១ម៉ឺននាក់ (១០៨,៣៩៣នាក់)៕