(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងធ្វើការបរិច្ចាគកូនឈើចំនួន ១៩៧,០០០ដើម ដែលគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម»

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន ១៨ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត ខេត្តកោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។

ក្នុងចំណោមកូនឈើចំនួន ១៩៧,០០០ដើម អង្គការគ្រោងនឹងបរិច្ចាគចំនួន ៨២,០០០ដើម ជូនចំពោះក្រសួងបរិស្ថាន ចំនួន៥០,០០០ដើម ជូនចំពោះមន្ទីរបរិស្ថានខេត្តកោះកុង ចំនួន២០,០០០ដើម ជូនចំពោះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន២០,០០០ដើម ជូនចំពោះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងចំនួន២០,០០០ដើម ជូនចំពោះរដ្ឋបាលស្រុកវាលវែង។ កូនឈើចំនួន៥០០០ដើម ដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំងតាមបណ្តោយផ្លូវជាតិលេខ៥៥។

ប្រភេទពូជកូនឈើរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត។

ក្នុងចំណោមប្រភេទទាំងនោះ មានកូនឈើចំនួន ៧ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែង យោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ កូនឈើទាំងអស់នេះមានអាយុចន្លោះប្រហែល១ ទៅ ១ឆ្នាំកន្លះ មានសុខភាពល្អ និងមានភាពធន់ខ្លាំងដែលត្រៀមក្នុងការដាំនៅឆ្នាំនេះ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ ក៏ដូចជាការដាំដើមឈើដែលបានបាត់បង់ឡើងវិញផងដែរ។ ការបរិច្ចាគនេះធ្វើឡើងតាមរយៈការប្រកាសប្តេជ្ញាកាលពីឆ្នាំមុនដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើការដាំដើមឈើយ៉ាងតិចមួយលានដើមជារៀងរាល់ឆ្នាំ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានធ្វើការរួមគ្នាអស់រយៈពេលជាង ២ទសវត្សមកហើយ ទៅលើកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។

«ខ្ញុំសូមប្រកាសជាផ្លូវការថា យុទ្ធនាការដាំដើមឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំចាប់ផ្តើមថ្ងៃនេះ»។ នេះជាការបង្ហោះលើបណ្តាញសង្គម របស់លោកបណ្ឌិត អ៊ាង សុផល្លែត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា «ការបរិច្ចាគនេះ ជាការឆ្លើយតបទៅនឹងយុទ្ធនាការដាំដើមឈើ ១លានដើម ដែលបង្កើតឡើងដោយក្រសួងបរិស្ថាន។ យើងរំពឹងថាកូនឈើដែលបានបរិច្ចាគនឹងជួយដល់ការស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ»

«យើងសូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចំពោះការគាំទ្រដ៏មោះមុត លើការដាំស្តារព្រៃឈើ និងស្តារគម្របព្រៃឈើកម្ពុជាឡើងវិញ។ ការផ្តួចផ្តើមគំនិតដាំស្តារព្រៃឈើឡើងវិញនឹងជះឥទ្ធិពលជាវិជ្ជមានលើអាកាសធាតុ ក៏ដូចជាចូលរួមចំណែកក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលលើឆាកអន្តរជាតិ»។ កញ្ញាបណ្ឌិតបានបន្ថែម។

ការដឹកជញ្ជូនកូនឈើចំនួន ១៣,៧៣០ដើម លើកទីមួយបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដល់ខេត្តកោះកុង។ ប្រភេទពូជកូនឈើទាំងនោះរួមមាន ធ្នង់ ក្រញូង កកោះ បេង ផ្តៀក កោងកាងភ្នំ ត្រសេក ម៉ភេទ និងជើងចែវមូល។

បន្ទាប់មកកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កូនឈើចំនួន ១៣,១២០ដើម ត្រូវបានដឹកជញ្ជូនដល់ខេត្តកំពង់ស្ពឺ។ ប្រភេទពូជកូនឈើទាំងនោះ រួមមាន ធ្នង់ក្រញូង កកោះ បេង ផ្តៀក និងនាងនួន។ កូនឈើដែលនៅសេសសល់នឹងត្រូវចែកចាយទៅកាន់ទីតាំងកំណត់ អំឡុងខែសីហា ឆ្នាំ២០២៤៕