(កំពង់ចាម)៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានថ្លែងនូវការកោតសរសើរពីការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកចំនួន៨ នៅក្នុងខេត្តកំពង់ចាម និងណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព។
ការថ្លែងនូវការកោតសរសើរ និងជំរុញបន្ថែមនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
សូមជម្រាបថា ដោយទទួលបានការណែនាំពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៨ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ជាលើកទី២ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
មន្ទីរពេទ្យទាំងនោះមាន មន្ទីរពេទ្យបង្អែកបាធាយ មន្ទីរពេទ្យបង្អែកជើងព្រៃ មន្ទីរពេទ្យបង្អែកស្រីសន្ធរ មន្ទីរពេទ្យបង្អែកកោះសូទិន មន្ទីរពេទ្យបង្អែកកងមាស មន្ទីរពេទ្យបង្អែកព្រៃឈរ មន្ទីរពេទ្យបង្អែកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកចំការលើ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកវេជ្ជបណ្ឌិត គឹម សួភិរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធាន អនុប្រធានការិយាល័យទាំង៤ អនុប្រធានមន្ទីរពេទ្យខេត្ត លោក លោកស្រីអភិបាលរងស្រុកនីមួយៗ ប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៨ និងលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកទាំង ៨។
ក្នុងឱកាសបំពេញបេសកកម្មនេះ លោកបណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ក្នុងមួយឆ្នាំចុះ ២ដង នេះជាលើកទី២ហើយ ដែលបានចុះមកខេត្តកំពង់ចាម។ លោកបណ្ឌិតបានកោតសរសើរ អំពីការរីកចម្រើន របស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យលើកទី១ កាលពីឆមាសទី២ ឆ្នាំ២០២៣កន្លងមក។
លោកបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុងនោះ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។
ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព៕