Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមទទួលរងគ្រោះខ្លាំង ដោយសារទឹកជំនន់ និងការបាក់ដី វាយប្រហារភាគកណ្តាលប្រទេស

16-09-2016 16:06

(ហាណូយ)៖ នាយកដ្ឋានគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយ ធម្មជាតិវៀតណាម ឬហៅកាត់ថា (DNDPC) បានឱ្យដឹងថាភ្លៀងធ្លាក់ខ្លាំងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់០៨នាក់ និង ០៩នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ នៅខេត្តភាគកណ្ដាល ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នារសៀល ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

DNDPC បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនទៀតថា ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិត មានសាកសពមនុស្សពីរនាក់ ត្រូវបានគេរកឃើញនៅភាគកណ្ដាលខេត្ត Thanh Hoa,  បួននាក់នៅក្នុង ខេត្ត Nghe An និង ពីរនាក់ផ្សេងទៀត នៅខេត្ត Quang Binh។ ចំនួនអ្នកស្លាប់នេះបានកើនឡើងបីនាក់ ដោយយោងតាមតួលេខចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ម្សិលមិញ។  

បន្ថែមពីលើនេះមនុស្ស២៧នាក់ បានរងរបួស ដោយសារតែព្យុះត្រូពិច Rai ដែលបានវាយប្រហារមកលើ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ និងបង្កឱ្យមានគ្រោះរអិលបាក់ដី ព្រមទំាងទឹកជំនន់ ដោយគួចយកលំនៅដ្ឋាន ៨៥ខ្នង, ខូតខាតទំាងស្រុង ១២៣៥ខ្នង, និង ១៩៤៦ខ្នងទៀត ត្រូវទឹកជន់លិច  ខណៈដីស្រែ ១៤,៨៩៣ហិកតា និង ដីចំការ ៥,៦៧៩ហិកតា ក៏ត្រូវជន់លិចផងដែរ។ បន្ថែមពីនេះទៀត សត្វពាហនៈ ១៦១ក្បាល និង សត្វមាន់ទា ១១,៤៥១ក្បាល បានងាប់៕