(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់ ផ្ទះចំនួន១១៥ខ្នង ជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណៈ និង និវត្តន៍ជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើដល់គ្រួសារ អតីតយុទ្ធជន ត្រូវរៀបចំគ្រួសារ ភូមិករ ផ្ទះសម្បែងឱ្យបានសមរម្យ និងធ្វើការបង្កបង្កើតផល ចិញ្ចឹមសត្វឱ្យបានគ្រប់ក្រុមគ្រួសារបន្ទាប់ពីទទួលបានដី និងផ្ទះពីរាជរដ្ឋាភិបាលផ្ដល់ជូននៅថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការចែកផ្តល់ផ្ទះ និងដីជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណៈ និងនិវត្តជននៅថ្ងៃនេះ គឺជាការឆ្លើយតបនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ជូនចំពោះបងប្អូនអតីតយុទ្ធជនយុទ្ធនារី ដែលបានបូជាអាយុជីវិតកម្លាំងកាយចិត្តក្នុងបុព្វហេតុការពារប្រទេសជាតិរកសន្តិភាពជូនប្រទេសជាតិ និងពលរដ្ឋរហូតដល់មានអ្នកខ្លះស្លាប់បាត់បង់ចោលគ្រួសារ ប្រពន្ធ័ កូន ចៅឱ្យនៅកំព្រាឯកោរហូតមកដល់ពេល។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា គោលនយោបាយលើកកំពស់ជីវភាពរបស់អតីតយុទ្ធជន យុទ្ធនារី គ្រួសារអតីតយុទ្ធជន គ្រួសារពលី គ្រួសារនិវត្តជន តាមរយៈសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសម្តេច គិតគូរផ្ដល់ជូនជាបន្ទាប់បន្ទាប់នៅទូទាំងប្រទេសឡែកខេត្តស្វាយរៀងរហូតមកដល់ពេលនេះ សម្ដេចបានផ្ដល់ផ្ទះរួចរាល់ហើយគិតទាំងថ្ងៃនេះបានជាង ៥០០ខ្នង ខណៈដែល អតីត យុទ្ធជនដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែនត្រូវបានក្រុមការងារផ្ដល់ដីសម្រាប់ប្រើប្រាស់បម្រើជីវភាពបន្ថែមលើគោលរបបដែលបានផ្ដល់នាបច្ចុប្បន្ន។

ក្នុងពេលចាប់ឆ្នោតយកលេខផ្ទះ តំណាងអតីតយុទ្ធជន និងគ្រួសារនិវត្តន៍ជនបានគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលសម្ដេចបានផ្ដល់ផ្ទះ និងដីឱ្យពួកគាត់រស់នៅបានសមរម្យ និងអាស្រ័យផល៕